ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ពលរដ្ឋខ្មែរស្វាគមន៍សម្តេចធិបតី នៅជប៉ុន ជាភស្តុតាងថ្មីមួយទៀត បញ្ជាក់ពីសន្ទុះគាំទ្រដូចទឹកបាក់ទំនប់

ភ្នំពេញ ៖ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកំពុងស្ថិតនៅប្រទេសជប៉ុនជាទីកន្លែងដែលសម្តេចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនលើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ​ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា វត្តមាន យ៉ាងច្រើនកុះកររបស់ពលរដ្ឋ និងនិស្សិតខ្មែរនៅជប៉ុន បានចេញមកទទួលស្វាគមន៍ដោយក្តីអំណរយ៉ាងក្រៃលែងចំពោះវត្តមានរបស់សម្តេច ដែលនេះគឺជាភស្តុតាងថ្មីមួយទៀតបញ្ជាក់ពីសន្ទុះគាំទ្រដូចទឹកបាក់ទំនប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះរាជ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

តាមរយៈសារតេឡេក្រាម នៅរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍមិនធ្លាប់មានពីមុនដែលជាស្នាដៃឯករបស់ សម្តេចតេជោ ហ៊ុន សែន គឺជាចំណុចខ្លាំងគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាល ហើយដែលបាននិងកំពុងឆក់ទាញបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំបន្តវេនបានបង្ហាញសមត្ថភាពយ៉ាងពេញលេញក្នុងការថែរក្សាសមិទ្ធផលទាំងនេះឲ្យបានគង់វង្សនិងកំពុងបន្តពូនជ្រំកាន់តែរឹងមាំថែមទៀតដើម្បីធានានិរន្តរភាពនៃភាពសុខសានរបស់ប្រជាពលរដ្ឋខ្មែរ។

បើតាមលោក ប៉ែន បូណា ការដាក់ចេញនូវយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ត្រឹមត្រូវ ទាំងគោលនយោបាយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ក៏ដូចជាគោលនយោបាយការបរទេស គឺជាកត្តាសត្យានុម័តដែលជំរុញសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋខ្មែរក៏ដូចជាពីសហគមន៍អន្តរជាតិ។ នៅគ្រប់ប្រទេសដែលប្រមុខ ដឹកនាំកម្ពុជាទៅដល់ សំឡេងស្វាគមន៍គាំទ្រកាន់តែកើនខ្លាំងឡើងជាលំដាប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទីនោះក៏ដូចជាម្ចាស់ប្រទេសដោយផ្ទាល់។

លោកថា “នេះគឺជាភស្តុតាងមិនអាចប្រកែកបាន ដែល បញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឈានទៅមុខយ៉ាងស្វាហាប់លើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលក្រាលដោយសម្តេចតេជោ។ សមិទ្ធផលមហាសាលដែលសាងឡើងដោយអ្នកជំនាន់មុន និងសមត្ថភាពចាត់ចែងបន្តយ៉ាងល្អរបស់អ្នកជំនាន់ក្រោយ គឺជាកត្តាកំណត់នៃភាពចម្រុងចម្រើន ថ្កើងថ្កានរបស់ប្រទេសជាតិ”

ស្ថានភាពនេះ បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងជាដែកឆក់ស្រូបទាញបេះដូងខ្មែរនៅគ្រប់ទិសទី។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល៕

To Top