ព័ត៌មានជាតិ

ក្រុមហ៊ុនជប៉ុន សសើរកម្ពុជា តែងបង្កលក្ខណៈគ្រប់បែបយ៉ាង ជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន កាន់តែមានទំនុកចិត្ត ពង្រីកការវិនិយោគបន្ថែម

ភ្នំពេញ៖ លោក កូ យ៉ាហ្សាគិ (Ko Yazaki) អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation របស់ជប៉ុន បានថ្លែងកោតសសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងបង្កលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលនេះជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្ត ក្នុងការពង្រីកការវិនិយោគ របស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ។

ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៦ ធ្នូនេះ លោក កូ យ៉ាហ្សាគិ បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មក្នុងការ ផលិតគ្រឿងបង្គុំអេឡិចត្រូនិករបស់ក្រុមហ៊ុន គិតចាប់តាំងពីឆ្នាំ ២០១១ មក ព្រមទាំងអំពីគម្រោងនៃ ការពង្រីកវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ។

ទន្ទឹមនេះអនុប្រធានក្រុមហ៊ុន Yazaki Corporation ក៏បានថ្លែងនូវការកោតសសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីក ការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ។

ជាការឆ្លើយតបសម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា លើការផលិតគ្រឿងបង្គុំអេឡិចត្រូនិក បម្រើឱ្យការនាំចេញ  ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលនឹងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយទៅលើដំណើរការអាជីវកម្មដ៏ល្អប្រសើរ និងទំនុកចិត្តចំពោះប្រទេសកម្ពុជា ។

បន្ថែមលើសនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាវិស័យអាទិភាពនៅក្នុងការ ជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលបានដាក់ ចេញនូវគោលនយោបាយថ្មី, ច្បាប់វិនិយោគថ្មី និងយន្តការថ្មី ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងភស្តុភារកម្ម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញ ចំពោះគម្រោងវិនិយោគផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា សំដៅធានាបាននូវសមត្ថភាព លើការផលិតនូវផលិតផលសម្រេច ដែលមានតម្លៃបន្ថែមខ្ពស់បម្រើ ឱ្យការនាំចេញទៅក្រៅប្រទេស ៕

To Top