ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ ជាង៦០០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៦៣០នាក់ លើមុខជំនាញសំខាន់ៗចំនួន ១១ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានកាលពីថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន។

បើតាមវិទ្យាស្ថានពហុបច្ចេកទេស ការបណ្តុះបណ្តាលជំនាញចំនួន១១មានដូចជា ការងារកំបោរ ការដំឡើងបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ការថែទាំ និងជួសជុលបរិក្ខាអេឡិចត្រូនិក ការផ្សារអគ្គិសនី ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប) សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត និងការថែទាំ និងជួសជុលរថយន្ត ។

វិទ្យាស្ថានបានបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះយុវជនត្រូវមានអាយុចាប់ពី១៥ឆ្នាំ ដល់ ៦៥ឆ្នាំ ។ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វិទ្យាស្ថាននឹងផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ជាពិសេសនោះគឺកន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ។ បន្ទាប់ពីបញ្ជាប់វគ្គបណ្តុះបណ្តាលនេះយុវជននឹងទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសសិក្សាបន្ត ផងដែរ ។

ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល។

ការប្រកាសផ្តល់អាហាររូបករណ៍ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាពេលនេះ គឺធ្វើឡើងក្រោយពេលដែលរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដើម្បីឱ្យមានជំនាញជាក់លាក់ និងឆាប់មានការងារធ្វើសមរម្យ៕

To Top