ព័ត៌មានជាតិ

ចិន ប្រកាស​បន្តផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា

រូបភាពពី៖​ STPM

ភ្នំពេញ ៖ លោក អ៊ូ យាន (Wu Yan) អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន បានបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិន និងបន្តកិច្ចសហការលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារ នៅកម្ពុជា។

លោក អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន បានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាឱកាសរូបលោក និងគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនៃជំនួបនេះ លោក អ៊ូ យាន បានលើកឡើងអំពីលទ្ធផលជាផ្លែផ្កាក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំ ជាពិសេស ការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន និងការបន្តកិច្ចសហការលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា។

ទន្ទឹមនេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃជំនួបរវាង លោក អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និង លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា កម្ពុជា និងបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចម្បង និងតែបានយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង និងសុខភាពបរិបូរណ៍ ព្រមទាំងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ដើម្បីពង្រឹងប្រព័ន្ធ និងគុណភាពអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់ ។

ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីមួយចំនួន តួយ៉ាងដូចជា កម្មវិធី STEM ដើម្បីជួយតម្រង់ទិសសិស្សានុសិស្សឱ្យមាននូវជំនាញសំខាន់ៗសម្រាប់ទីផ្សារការងារ ។

ក្នុងជំនួបនោះផងដែរ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបន្តផ្តល់អាហារូបករណ៍បន្ថែមទៀតបើកឱកាសឱ្យនិសិ្សតកម្ពុជាបន្តការសិក្សានៅប្រទេសចិន ព្រមទាំងបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងអប់រំ ក៏ដូចជារវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរកម្ពុជា-ចិន ៕

To Top