ព័ត៌មានជាតិ

ក្មេង៤ឆ្នាំ រួមទាំងស្រ្តីមានផ្ទៃពោះ២ខែ បានស្លាប់ក្នុងភ្នក់ភ្លើងឆេះតូបលក់ដូរ នៅមុខផ្សារក្រោម ក្រុង​សៀមរាប

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះតូបលក់ដូរអស់ចំនួន៤តូប​លក់ដូរ និងផ្ទះចំនួន១ខ្នង នៅ​ត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម​ (ចាស់) ស្ថិតនៅក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ​ខេត្តសៀមរាប ធ្វើឲ្យមនុស្ស៣នាក់ស្លាប់ដែលក្នុងនោះមានក្មេងប្រុសអាយុ៤ឆ្នាំ និងស្រ្តីម្នាក់អាយុ២៧ឆ្នាំមានកូននៅក្នុងផ្ទៃ២ខែ ។

យោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃ២៨ ធ្នូនេះ បានឲ្យដឹងថា​ ករណីអគ្គិភ័យនេះកើតឡើងនាម៉ោង៤ និង៥០នាទី​ព្រឹក ថ្ងៃ២៧ ធ្នូ បានឆាបឆេះតូបលក់ដូរអស់ចំនួន៤តូប​ និងផ្ទះចំនួន១ខ្នង​ ម្ចាស់ឈ្មោះ​ លី​ ដារី​ ភេទ​ស្រីអាយុ​៣២​ឆ្នាំ​ មុខរបរ​លក់ដូរ​ បណ្តាលឲ្យការរងការខូតខាតទាំងស្រុង ក្នុងនោះបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៣​នាក់​ មានឈ្មោះ វ៉ឹក ឡាន ភេទ​ស្រីអាយុ​២៧​ឆ្នាំ មុខរបរលក់ដូរ
មានកូននៅក្នុងផ្ទៃអាយុ​២ខែ​ និងឈ្មោះ ង៉ិក ឌី ភេទ​ប្រុសអាយុ​៤​ឆ្នាំ។

មូលហេតុ នៃការឆេះនេះ ត្រូវបានមន្ត្រី​ជំនាញ​កំពុង​បន្ត​ការ​ស្រាវជ្រាវ​។

សម្រាប់ប្រតិបត្តិការពន្លត់វិញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៦​គ្រឿង​ ប្រើទឹកអស់ចំនួន​៦​រថយន្ត​៕

To Top