ព័ត៌មានជាតិ

ពលរដ្ឋខ្មែររស់នៅខេត្ត Ishikawa ប្រទេសជប៉ុន ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដីដ៏ធំសម្បើម

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានណែនាំដល់ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដីដ៏ធំសម្បើម ហើយត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាននៅទីនោះ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ ( កំរិត7.4 ) នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ដែលអាចបង្កអោយមានហានិភ័យ នៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្តIshikawa (ដែលកំពស់ទឹកអាចឡើងរហូតដល់ ៥ ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo នៅរសៀលថ្ងៃទី១ មករា»។

ស្ថានឯកអគ្គរាជទូតកម្ពុជា បន្ដថា «សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ 080 4689 9374 ។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ឆ្លងផុតពីគ្រោះធម្មជាតិនេះ»៕

To Top