ភ្នំពេញ៖ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គម និយមវៀតណាមប្រចាំកម្ពុជា បានបង្ហាញទិសដៅចង់ឲ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសរបស់ខ្លួន ។

ការលើកឡើងរបស់ទូតវៀតណាមបែបនេះ ធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានពិភាក្សា ជុំវិញគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជជែកពិភាក្សា លើការពិនិត្យរៀបចំ ឲ្យវិនិយោគិនកម្ពុជា និងវិនិយោគិនវៀតណាម អាចជួបជជែកពិភាក្សាការងារ និងស្វែងយល់អំពី សក្ដានុពល សម្រាប់ការវិនិយោគក្នុងប្រទេសទាំងពីរ។

លោកទូតបង្ហាញក្ដីរំពឹងថា «ប្រទេសទាំងពីរ នឹងអាចជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត ហើយក៏បង្ហាញទិសដៅចង់ឲ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាមផងដែរ» ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានប្រាប់ពីកិច្ចការងារ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួនាទីជាអ្នកសម្របសម្រួល កិច្ចការងារវិនិយោគ រវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជន។ ក្នុងនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចដើរតួនាទីសម្របសម្រួល រៀបចំឲ្យវិនិយោគិនកម្ពុជា និងវិនិយោគិនពីបណ្ដា ប្រទេសនានាអាចជួបគ្នា ដើម្បីជជែកពិភាក្សាស្វែងយល់ ពីសក្ដានុពលផ្សេងៗក្នុងការវិនិយោគផងដែរ។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងពិនិត្យលទ្ធភាព ឲ្យវិនិយោគិនពីប្រទេសទាំងពីរ អាចជួបជជែកពិភាក្សា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ រវាងគ្នានិងគ្នាផងដែរ ៕
