ព័ត៌មានជាតិ

មេដឹកនាំបក្ស កាន់អំណាចកម្ពុជា-រុស្ស៊ី មើលឃើញពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម បានមើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌។

ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាស សប្បាយរីករាយ និងបានសួរសុខទុក្ខគ្នា ទៅវិញទៅមក សម្រាប់ឆ្នាំថ្មី។

ថ្នាក់ដឹកនាំទាំងពីរ បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប ២៥ឆ្នាំ ហើយគណបក្សទាំងពីរនឹងពិចារណាគ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ ដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមក។

ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការ ទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈចាំបាច់ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ី និងមកកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅក្នុងការរួបរួមគ្នាដោយធ្វើយ៉ាងណា ការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជាពិសេសពង្រឹងពហុភាគីនិយម ឱ្យបានត្រឹមត្រូវនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ កិច្ចសហប្រតិបត្តិការពហុភាគីនិយម នឹងបង្កើតបរិយាកាស ឲ្យប្រទេសទាំងពីរអាចយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅតាមភាពចាំបាច់ ស្របតាមច្បាប់ ដែលបានគោរពនៅក្នុងអង្គការសហប្រជាជាតិ។

មេដឹកនាំនៃគណបក្សទាំងពីរ បានមើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយ ត្រូវរួមគ្នាគិតឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាចំនុចមួយនៃការគំរាមកំហែង ដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះភាគីទាំងពីរនឹងរួបរួមគ្នា ដើម្បីធ្វើយ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសនីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់៕

To Top