ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសជាផ្លូវការ បើកដំណើរការកាសែតកម្ពុជា ជារបស់ជាតិ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនូវវត្តមាន នៃកាសែតកម្ពុជា ដែលមានអាយុ ៤៥ឆ្នាំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងនាមជាសារព័ត៌មានជាតិ ដែលពាំនាំនូវសំឡេងរបស់ជាតិ និងព័ត៌មានពិតអំពីកម្ពុជា ជូនដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។

នេះជាកិច្ចខិតខំដ៏សំខាន់មួយរបស់ក្រសួងព័ត៌មានក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សំដៅថែរក្សានូវកេរ្តិ៍តំណែលរបស់ជាតិដែលថ្នាក់ដឹកនាំកម្ពុជាជំនាន់មុនៗ បានបន្សល់ទុកឲ្យ ក៏ដូចជាការពារនូវកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ក្រសួងព័ត៌មានផងដែរ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

សូមរំលឹកថា កាសែតកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៩ ហើយមកទល់ពេលបច្ចុប្បន្ននេះ គឺមានរយៈកាលជាងបួនទសវត្សហើយ ដែលនេះជាមោទកភាពសម្រាប់ជាតិកម្ពុជា ព្រោះកាសែតជាតិនេះ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋសំខាន់ៗផ្សេងទៀតមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា (TVK, RNK) បាន និងកំពុងដើរតួនាទីដ៏សំខាន់ និងយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកំសាន្តជូនដល់ប្រជាជនទូទៅទាំងក្នុងនិងក្រៅប្រទេស ស្របពេលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយចំនួនកំពុងប្រឈមនឹងផលវិបាក ដែលកើតចេញពីការវិវត្ត និងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រព័ន្ធផ្សព្វផ្សាយទំនើប ហើយមិនតែប៉ុណ្ណោះ ស្របពេលសារព័ត៌មានប្រពៃណីមួយចំនួនបានបញ្ឈប់ដំណើរការ នៃការផលិតព័ត៌មានរបស់ខ្លួន ខណៈមួយចំនួនទៀត បានបិទទ្វារទៅហើយ ដែលវាជាការសោកស្តាយយ៉ាងខ្លាំង។ 

ចាប់ពីពេលនេះទៅ ក្រុមការងារផលិតនៃកាសែតកម្ពុជា នឹងផ្តោតការចេញផ្សាយរបស់ខ្លួន តាមប្រព័ន្ធអេឡិចត្រូនិច ជាពីរភាសាគឺ៖ ភាសាខ្មែរ និងភាសាអង់គ្លេស ហើយនឹងឈានទៅចេញផ្សាយជាភាសាបារាំងបន្ថែមទៀត នាពេលអនាគត។

ថ្វីបើប្រព័ន្ធផ្សព្វផ្សាយទំនើប កំពុងមានការវិវត្តខ្លាំងក៏ពិតមែន ស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាតំរូវការក្នុងវិស័យព័ត៌មាន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រពៃណីរបស់យើងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានជូនប្រជាជន និងផ្សព្វផ្សាយអំពីសកម្មភាពដ៏ស្វាហាប់ និងសមិទ្ធផលការងារ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអាណត្តិទី៧នេះ ក្នុងគោលបំណងបន្តទទួលបាន នូវជំនឿទុកចិត្តពីសំណាក់ប្រជាជនជាតិគ្រប់មជ្ឈដ្ឋាន ក៏ដូចជាពីសហគមន៍អន្តរជាតិនានាផងដែរ៕

To Top