ព័ត៌មានជាតិ

សម្តេចធិបតី បង្ហាញការបារម្ភចំពោះ AI អាចបង្កើតព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence – AI) អាចបង្កើតនូវ ព័ត៌មានក្លែងក្លាយ នាំឲ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃ២៣ មករា សម្តេចធិបតី បានថ្លែងថា ក្នុងក្របខណ្ឌអន្តរជាតិ បាននាំគ្នាគិតគូររួចទៅហើយ អំពីគ្រោះថ្នាក់នៃការបង្កើតព័ត៌មានក្លែងក្លាយ តាមរយ AI នេះ។

សម្តេចធិបតីមានប្រសាសន៍ថា «ការបង្កើតនូវព័ត៌មានក្លែងក្លាយ ឲ្យមានការវាយកាប់ចាក់ មានការសងសឹកចុះឡើងនេះជាបញ្ហាគ្រោះថ្នាក់ធំ ហេតុនេះហើយដែល AI ចាប់ផ្តើមមានបញ្ហា ហើយគ្រប់ប្រទេសទាំងអស់រហូតដល់មានការគិតគូរជាក្របខណ្ឌអន្តរជាតិរួចទៅហើយ ព្រោះ AI វាវិវត្តន៍មួយទៀត បច្ចេកវិទ្យាពីមុនត្រឹមតែយកសំឡេងក្លែងក្លាយយកមកដាក់ ឥឡូវធ្វើរូបឲ្យនិយាយព័ត៌មានចេញតែម្តង ហើយនេះគឺជាគ្រោះថ្នាក់ធំណាស់សម្រាប់ជាតិរបស់យើង ក៏ដូចជាសកលលោក»។

សម្ដេចធិបតីបន្ដថា បច្ចេកវិទ្យា AI មិនមែនអាក្រក់ទាំងអស់នោះទេ បច្ចេកវិទ្យានេះនឹងផ្តល់នូវថាមពលថ្មី ផលិតភាពថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ បើប្រើប្រាស់ក្នុងផ្លូវត្រូវ។ លើសពីនេះ សម្ដេចបានជំរុញក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការរៀបចំបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រងការប្រើប្រាស់ AI ឲ្យបានត្រឹមត្រូវ សម្រាប់បម្រើដល់ប្រយោជន៍សង្គម និងប្រទេសជាតិ៕

To Top