ព័ត៌មានជាតិ

ឃាត់ខ្លួនប៉េអឹម ស្រុកចិត្របុរី ម្នាក់ ក្រោយយកកាំភ្លើង ដើរបាញ់សត្វ នៅទីសាធារណៈ

ភ្នំពេញ៖ បុរសម្នាក់ដែលមានតួនាទីជា អនុសេនីយ៍ត្រី នៃកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួន និងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ ក្រោយធ្វើសកម្មភាព ជិះឡានបាញ់សត្វកុក នៅទីសាធារណៈ។

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការបង្ហោះនូវ សកម្មភាពបុរសម្នាក់ ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់ រថយន្តចេញចូលទីបញ្ជាការ “អ.ហ” ដើរបាញ់សត្វ (សត្វកុក) នៅតាមទីសាធារណៈ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា អនុវត្តន៍តាមបទបញ្ជារបស់ ឧត្តមសេនីយ៍ត្រី អេង ហ៊ីអនុវត្តតាមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ៕

To Top