ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធទី៣១ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការ នាពេលនេះ បានអនុម័តលើគោលការណ៍នៃ ការជ្រើសតំាងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ចំនួន ២ រូប ដោយបានប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសេចក្តីជូនដំណឹងជ្រើសរើសឥស្សរជន ដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ក្នុងចំណោមសមាជិកព្រឹទ្ធសភាចំនួន៦២រូប ក្រៅពីការបោះឆ្នោតជ្រើសតំាង តាមរយៈការបោះឆ្នោតជាអសកល សមាជិកព្រឹទ្ធសភា ២រូប ត្រូវចាត់តំាងដោយព្រះមហាក្សត្រ និង២រូបទៀតជ្រើសតំាងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។ កម្ពុជា នឹងរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ៕


