ព័ត៌មានជាតិ

បទវិចារណៈកថា! ពិតទេ ជើងមាន់៤កុងតឺទ័រ នៅខេត្តស្វាយរៀង គ្រាន់តែជាទំនិញឆ្លងកាត់

ភ្នំពេញ៖ ជើងមាន់ ដែលជាប្រភេទទំនិញ ហាមឃាត់នាំចូលប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ឆែករកឃើញនៅក្នុងរថយន្ដទូកុងតឺន័រ ចំនួន៤គ្រឿង ដែលធ្លាយចេញ ពីច្រកទ្វាអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

បើតាមមន្រ្តីជំនាញមួយរូប ដែលបានចុះក្នុងប្រតិបត្តិការបង្ក្រាបនេះ បានឱ្យដឹងថា ទំនិញខាងលើ គឺគ្មានលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងបែបបទចេញពីសាខាគយ នៃច្រកទ្វាអន្តរជាតិបាវិត នោះទេ។

ការចុះឃាត់ និងឆែករថយន្តកុងតឺន័រ ទាំងបួនខាងលើនេះ ធ្វើឡើងតាមបទបញ្ជារបស់ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ។

ក្រោយធ្វើការឃាត់និងឆែកពិនិត្យរួចរាល់ ត្រូវបានមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សាខាខេត្តស្វាយរៀង អះអាងថា ជាប្រភេទជើងមាន់ក្លាសេ្ស ដែលគ្មានសារភាពគីមី។

ក្រៅពីនេះ តាមការអះអាង របស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះ គឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរ កុងទីន័រនៅចំណុចសូន្យ ចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅមាត់ច្រកដូង។ ទំនិញទាំងនេះជា របស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។ 

បន្ថែមលើសពីនេះ លោកហេង សំបូរ ប្រធានសាខាគយរដ្ឋាករ ខេត្តស្វាយរៀងបានបញ្ជាក់ថា ទំនិញជើងមាន់ទាំងនេះ គឺជាទំនិញដឹកឆ្លងកាត់ហើយ និងនាំចេញទៅប្រទេសវៀតណាម វិញផងដែរ។

ប៉ុន្តែអ្វីដែលជាចំណោទ ត្រូវបានមហាជន ដាក់ចេញជាសំនួរថា បើគ្មានការឃាត់និងឆែកឆេរ លើរថយន្ដកុងតឺន័រ ដែលគ្មានឯកសារគ្រប់គ្រាន់ទាំងនោះទេ តើពិតទេថា ជើងមាន់ទាំងនោះ គ្រាន់តែជាទំនិញឆ្លងកាត់ ប្រទេសកម្ពុជា ចូលទៅទឹកដីនៃប្រទសវៀតណាម វិញ៕

To Top