ព័ត៌មានជាតិ

ស្រូវប្រាំងជាង ៣០០០ ហិចតា ត្រូវបានជួយសង្រ្គោះនៅស្រុកកណ្តៀង

ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១ ខែ កុម្ភ: ឆ្នាំ ២០២៤នេះបានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យ និង អន្តរាគមន៍បែងចែកទឹកជូនប្រជាកសិករនៅក្នុងស្រុកកណ្តៀង ដែលកំពុងប្រឈមនូវកង្វះខាតទឹក។

ការចុះពិនិត្យ និង អន្តរាគមន៍បែងចែកទឹកជូនប្រជាកសិករនាពេលនោះមានចំនួន ៦ ឃុំ ដែលមានផ្ទៃដីប្រមាណជាង ៣០០០ ហិចតា នៅក្នុងមូលដ្ឋាន នៃ ស្រុកកណ្តៀង។

នាឱកាសនោះ លោកអភិបាល ខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា ការដែលអាជ្ញាធរចុះមកដល់ទីនេះគឺមិនចង់អោយបងប្អូនប្រជាកសិករជួបការលំបាកក្នុងការធ្វើដំណើរទៅជួបលោកនៅសាលាខេត្ត ហើយអាជ្ញាធរធ្វើតាមការស្នើរសុំរបស់បងប្អូនប្រជាកសិករនៅក្នុងស្រុកកណ្តៀង។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៍បានណែនាំ និង ដាក់បទបញ្ជាអោយអាជ្ញាធរស្រុក ឃុំ និង កងកម្លាំងប្រដាប់អាវុធត្រូវដាក់កម្លាំងប្រចាំការនៅតាមគោលដៅដោយមិនអនុញ្ញាតិអោយប្រជាកសិករណាបូមទឹកដាក់ស្រែមុនពេលអាជ្ញាធរសម្រេចអោយបូមនោះឡើយ។ការធ្វើបែបនេះ គឺអាជ្ញាធរចង់អោយទឹកក្នុងប្រឡាយទាំងអស់បានទៅដល់ស្រែរបស់ប្រជាកសិករអោយបានគ្រប់ៗគ្នានៅលើផ្ទៃដីទាំងជាង ៣០០០ ហិចតានោះទាំងអស់គ្នា។

លោកអភិបាលខេត្តក៍បានបញ្ជាក់ថា ការផ្តល់ទឹកជូនប្រជាកសិករធ្វើស្រែប្រាំងនេះ គឺបានប្រហែលជា ១០ ថ្ងៃទៀតតែប៉ុណ្ណោះ ដូចនេះសូមបងប្អូនមេត្តាយោគយល់ និង កុំធ្វើស្រែប្រាំងបន្តទៀតព្រោះទឹកដែលនៅសល់ខ្លះនៅអាងស្តុបទឹកគឺទុកសម្រាប់បម្រើតម្រូវការរបស់មនុស្ស និង សត្វនាពេលខាងមុខ៕

To Top