ព័ត៌មានជាតិ

បទវិភាគ៖ ជនជាតិចិន តៃវ៉ាន់ អស់លក្ខណ៍ ផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ត្រូវចាប់ខ្លួន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន ២នាក់ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ។

សមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច-CCJA) សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

សូមរម្លឹកថា កម្លាំងជំនាញស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់ ។

វីដេអូដែលពួកគេផលិតនោះ មានដូចជា ការរត់គេចពីការតាមចាប់ខ្លួន ធ្វើទារុណកម្ម, វីដេអូខ្មោចលង និងវីដេអូផ្សេងៗទៀត នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។ ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច, កាំភ្លើងជ័រ, សំលៀកបំពាក់ទាហានប៉ារ៉ា, ទូរស័ព្ទដៃ, សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួទៀត ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់។

សសកច សូមអំពាវនាវនិងលើកទឹកចិត្តឱ្យបងប្អូនគ្រប់រូប ចូលរួមថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជាតិយើងទាំងពីរ កម្ពុជា ចិន ដែលឆ្នាំ២០២៤ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចិន ប្រកាសជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន ៕

ដោយ: សសកច

To Top