ព័ត៌មានជាតិ

ក្រុមហ៊ុនឡាក់គីរ៉ូប៊ី ធ្វើពិព័រណ៍ផ្សារសប្បុរស ដើម្បីរកថវិកា ជូនមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង និងចែកអំណោយ ដល់ពលរដ្ឋ១២០គ្រួសារ ដែលមានជីវភាពខ្វះខាត នៅស្រុកកំពង់រោទិ៍

ស្វាយរៀង៖ លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុនកាស៊ីណូ ឡាក់គីរ៉ូប៊ី នារសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ បានរៀបចំបង្កើតឲ្យមានពិធី ពិព័រណ៍ផ្សារសប្បុរស ដើម្បីរកថវិការ ឧបត្ថម្ភមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក សុច ពិសី អភិបាល នៃគណៈអភិបាល ស្រុកកំពង់រោទិ៍  ព្រះគ្រូចៅអធិការ វត្តកោះអណ្ដែត អ៊ុំ សុវណ្ណារិទ្ធិ លោក លីម គឹមសេង អគ្គនាយក ក្រុមហ៊ុន ឡាក់គីរ៉ូប៊ី តំណាងប្រធានច្រកទ្វារ អន្តរជាតិព្រៃវល្លិ៍ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរឃុំ លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស ភ្ញៀវជាតិនិងអន្តរជាតិ និងប្រជាពលរដ្ឋជាច្រើនរូប។

លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គីរ៉ូប៊ី បានរំលឹកពីអតីត ភាពរបស់លោកថា កាលលោកនៅតូចគ្រួសារ របស់ខ្ញុំមានជីវភាពលំបាកណាស់ មានបងប្អូន ០៨នាក់ រស់នៅក្នុងផ្ទះតែមួយ ហើយពេលខ្លះពួកយើងមិន មានអាហារគ្រប់គ្រាន់ដើម្បីបរិភោគនោះទេ សូម្បីតែលុយ ទៅសាលារៀន តែខ្ញុំមានសំណាងណាស់ ដែលបានជួបសៀវភៅ មួយក្បាលកត់ត្រាថា “អតីតកាលមិនអាចកំណត់ជោគវាសនាយើងបានទេ” នេះហើយទើបធ្វើឱ្យខ្ញុំមានកម្លាំងចិត្ត តស៊ូបានសម្រេចជោគជ័យ រហូតដល់សព្វថ្ងៃនេះ ទាំងនេះហើយទើបឱ្យខ្ញុំនឹកឃើញ និងមានបំណងធ្វើវិភាគទាន តាមរយៈបង្កើតឱ្យមានកម្មវិធីផ្សេងៗ ដូចពេលនេះខ្ញុំបានបង្កើតឲ្យមាន ពិព័រណ៍ផ្សារសប្បុរស និងលក់ម្ហូបអាហារ ដើម្បីរកប្រាក់ចំណេញ យកមកជួយឧបត្ថម្ភ មណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង។

លោក សុច ពិសី អភិបាលនៃគណៈអភិបាល ស្រុកកំពង់រោទិ៍ បានមានប្រសាសន៍ថា ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកអគ្គនាយកកាស៊ីណូ ឡាក់គីរ៉ូប៊ី ដែលលោកមានបំណងជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងបានផ្ដល់អំណោយជូនមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង ព្រោះនេះជាផ្នែកមួយ ជួយសម្រួលបន្ទុកដល់រដ្ឋាភិបាល ដូចនេះខ្ញុំសូមអរគុណ និងសូមជូនពរឲ្យលោក រកស៊ីមានបាន ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមពីលើនេះផងដែរ ពិព័រណ៍ផ្សារសប្បុរស មានស្តង់លក់របស់ត្រជាក់ៗ និងអាហារសម្រន់ដែលគួរឲ្យចង់ញ៉ាំ និងអាហារកម្មង់ ដែលមានភ្ញៀវកិត្តិយស ជាតិនិងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមពិសាអាហារ ជាចំណែកមួយ នៃការរកថវិកា ឧបត្ថម្ភមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង។

កម្មវិធីនេះ មានទាំងតារាល្បីៗជាច្រើនអញ្ជើញចូលរួម ដូចជាតារាចម្រៀង មានសម្ដែងសៀករហស្កាំ ការប្រឡងចម្រៀង ប្រឡងញ៉ាំផ្លែប៉ោមជ័យលាភី ដើម្បីជាចំណាប់អារម្មណ៍ដល់ភ្ញៀវជាតិនិងអន្តរជាតិបានអញ្ជើញចូលរួម ជាចំណែកមួយ បង្កើតប្រាក់កម្រៃសម្រាប់ជួយដល់កុមារកំព្រា ដែលកំពុងត្រូវការ ការជួយឧបត្ថម្ភពីចាំបាច់។

ទឹកចិត្តសប្បុរស ដ៏ល្អកម្រមាន របស់លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុនកាស៊ីណូ ឡាក់គីរ៉ូប៊ី ស្ដែងឲ្យឃើញ នូវអំពើល្អ កើតចេញពីឆន្ទៈយ៉ាងពិតប្រាកដ ព្រោះនេះមិនមែនជាលើកទីមួយទេ គឺជាលើកទី០៩ហើយ ដែលបានប្រារព្ធពិធីនេះឡើង។

ជាមួយគ្នានៅពេលពីព្រឹកថ្ងៃដដែលនេះ ពលរដ្ឋចំនួន ១២០គ្រួសារ  ទទួលបានអំណោយ មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ក្នុងនោះដែរមានសិស្សចំនួន ៦៦៣នាក់ សាលាចំនួន៧ និងវត្តចំនួន៨ ក្នុងមួយវត្តទទួលបានថវិកា ៨០០ដុល្លារ  ពីលោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុនកាស៊ីណូ ឡាក់គីរ៉ូប៊ី ក្នុងថ្ងៃនៃសេចក្តីស្រលាញ់ ១៤កុម្ភៈ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងផងដែរ ៕

To Top