ព័ត៌មានជាតិ

លោកបណ្ឌិត សម តារា ណែនាំដល់អង្គបោះឆ្នោត ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភាឲ្យបានគ្រប់ៗគ្នា

ស្វាយរៀង៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌល ស្វាយរៀងបានថ្លែងថា ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត ដូច្នេះ សូមសមាជិកអង្គបោះឆ្នោត ទាំងអស់ត្រូវថែទាំ សុខភាពឲ្យបានល្អ និងត្រៀមឯកសារផ្លូវការ សម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។

ការថ្លែងណែនាំ របស់លោកបណ្ឌិត សម តារា បែបនេះក្នុងឱកាស ដែលលោកបណ្ឌិតចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំបន្ទាយក្រាំង ដែលជាអង្គបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងបានចុះសួរសុខទុក្ខនាំអំណោយ ចែកជូនពលរដ្ឋដែលមានជីវភាពខាតចំនួន៤គ្រួសារ ព្រមទាំងចុះពិនិត្យមើលប្រព័ន្ធ ស្រោចស្រប់ស្រូវរដូវប្រាំងរបស់ពលរដ្ឋ នារសៀលថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៤។

ពិធីនេះមានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ព្រមទាំងក្រុមការងារជាច្រើន រូបទៀតផងដែរ។

លោកបណ្ឌិត សម តារា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោក លោកស្រី ដែលអង្គបោះឆ្នោតនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិតក៏បានអំពាវនាវដល់កងកម្លាំងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ នៅស្រុកកំពង់រោទិ៍ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ខ្ពស់បន្ថែមទៀត ជាពិសេសបញ្ហាចរាចរណ៍ គ្រឿងញៀន ល្បែងសុីសងខុសច្បាប់ ព្រោះថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់ សម្រាប់ បម្រើការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយ ភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។

លោកបណ្ឌិត ក៏បានទទួលយកការសំណូមពរ របស់ក្រុមប្រឹក្សាឃុំបន្ទាយក្រាំង នូវបញ្ហាប្រឈមមួយចំនួននៅមូលដ្ឋាន ដូចជា បញ្ហាទឹកធ្វើស្រែ បញ្ហាឆក់ត្រី គ្រួសារមានបណ្ណ័ក្រីក្រ ដើម្បីជម្រាបជូនថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីពាក់ពន្ធ័ផងដែរ។

លោកបណ្ឌិតក៏បានស្នើរដល់អាជ្ញាធរឃុំបន្ទាយក្រាំងត្រូវបន្តចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ស្របតាមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ បានផ្តោតសំខាន់ទៅលើវិស័យ៥ជាអាទិភាពរួមមាន ទឹក ភ្លើង ផ្លូវ មនុស្ស បច្ចេកវិទ្យាឌីជីថល ដែលមានសម្តេចធីបតីហ៑ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានផុសផុលបន្ថែមទៀត ព្រមទាំងចូលរួមអប់រំពលរដ្ឋនៅមូលដ្ឋានឲ្យធ្វើអំពើល្អ យល់អំពីសុជីវធម៌រស់នៅ យល់ដឹងពីច្បាប់ដើម្បីធ្វើអ្វីៗ កុំឲ្យឃ្លាតពីច្បាប់ដែលនាំឲ្យមានទោសទណ្ឌជាដើម។

សូមបញ្ជាក់ថា នៅក្នុងដំណើរចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំបន្ទាយក្រាំង លោកបណ្ឌិតសម តារា ក៏បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាតចំនួន៤គ្រួសារ ក្នុងឃុំបន្ទាយក្រាំង និងផ្ដល់ជូននូវគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួនព្រមទាំងឧបត្ថម្ភផ្សេងៗទៀតផងដែរ៕

To Top