ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ណែនាំឱ្យជ្រើសរើសភូមិ ដែលមានអំណោយផល និងសក្ដានុពល លើវិស័យសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍន៍ជាភូមិគំរូ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ដ្រីនាយកដ្ឋានជំនាញ និង មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានីខេត្តទាំង២៥ ឱ្យជ្រើសរើសភូមិ ដែលមានអំណោយផល និងមានសក្ដានុពល លើវិស័យសំខាន់ៗចំនួន៤ រួមមាន វប្បធម៌ ទេសចរណ៍ធម្មជាតិ សេដ្ឋកិច្ច និងកសិកម្មដើម្បីអភិវឌ្ឍន៍ជាភូមិគំរូ ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពី ការកំណត់លក្ខណៈវិនិច្ឆ័យភូមិគំរូ និងនីតិវិធីចុះស្រង់ទិន្នន័យនៅតាមភូមិនៅតំបន់ជនបទ នៃប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រៅពីនេះ ដើម្បីឱ្យការងារ អនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព លោករដ្ឋមន្រ្តី ក៏បានបានផ្ដល់អនុសាសន៍ណែនាំ មួយចំនួនបន្ថែមទៀតដូចខាងក្រោម៖

១ / ត្រូវយកភូមិគំរូចំនួន៣០ នៅក្នុងខេត្តចំនួន ៣ ដែលបានអនុវត្តកន្លងមក និងសមិទ្ធផលដែលមានស្រាប់ ធ្វើការវាយតម្លៃតាមទម្រង់ លក្ខណៈវិនិច្ឆ័យដែលបានរៀបចំ
២/ មន្ដ្រីនាយកដ្ឋានជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានីខេត្តទាំង២៥ ត្រូវសហការគ្នាឱ្យបានល្អ និងចូលរួមអនុវត្តសាកល្បងការងារនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់
៣/ រៀបចំរបាយការណ៍បូកសរុបរួម ស្ដីពីលទ្ធផលវាយតម្លៃភូមិគំរូ និងប្រជុំពិភាក្សាដកពិសោធន៍ និងកែលម្អលក្ខណៈវិនិច្ឆ័យ ដើម្បីឈានទៅធ្វើការវាយតម្លៃ កម្រិតអភិវឌ្ឍន៍ គ្រប់ភូមិនៅទូទាំងប្រទេស

សូមបញ្ជាក់ថា យោងតាមការធ្វើបទបង្ហាញរបស់ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានឱ្យដឹងថា ក្រុមការងារអភិវឌ្ឍន៍ភូមិគំរូ បានរៀបចំលក្ខណៈវិនិច្ឆ័យភូមិគំរូ តាមលក្ខណៈវិនិច្ឆ័យធំៗ ចំនួន៥ចំណុច រួមមាន៖ (១) សេដ្ឋកិច្ច  (២) សង្គមកិច្ច (៣) សុខភាព និងបរិស្ថានរស់នៅ (៤) ហេដ្ឋារចនាសម្ព័ន្ធ និង (៥) អភិបាលកិច្ចល្អ ដែលនៅក្នុងចំណុចចម្បងនីមួយៗ មានលក្ខណៈវិនិច្ឆ័យលម្អិត បន្ថែមយ៉ាងច្បាស់លាស់ ៕

To Top