កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំដល់អង្គភាព ស្ថាប័ននានា និងប្រជាពលរដ្ឋ ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យ ។
ការណែនាំដូចខាងលើនេះ លោកអភិបាលខេត្តបានលើកឡើងនៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២៤ ក្នុងពិធីប្រារព្ធទិវាបង្ការ និងពន្លត់អគ្គីភ័យ (នៅទីលានព្រលានយន្តហោះចាស់) ស្ថិតក្នុងភូមិព្រសំ ឃុំរអាង ស្រុកកំពង់សៀម ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋ បងប្អូនជានិយោជិត និយោជក និងយុវជនគ្រប់រូប ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ព្រោះការងារបង្ការទប់ស្កាត់គ្រោះអគ្គិភ័យមិនមែនជាកាតព្វកិច្ចរបស់ នណារម្នាក់នោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់យើងទាំអស់គ្នា។
ម្យ៉ាងទៀត នៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នា គួរតែមានឧបករណ៍បង្ការពន្លត់អគ្គិភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈសាមញ្ញៗ ដូចជាភួយ ខ្សាច់ មានទឹកបំរុងទុកពេញពាង បើមានទុយោទឹក ម៉ូទ័របូមទឹក ម៉ាស៊ីនបូមបាញ់ទឹកកាន់តែប្រសើរ សម្រាប់ពន្លត់នៅ
ពេលដែលមានភ្លើងឆេះគ្រាដំបូង។
ទន្ទឹមនឹងនេះ សូមបងប្អូនមានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើងចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស)ជាដើម ។
ហើយប្រសិនបើ ពេលដែលមានគ្រោះអគ្គិភ័យ ឬហានិភ័យផ្សេងៗកើតឡើង សូមបងប្អូនទាំងអស់គ្នា ប្រញ៉ាប់រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបងប្អូនបំផុត ដើម្បីសមត្ថកិច្ចជំនាញជួយអន្តរាគមន៍បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា ការប្រារព្ធទិវានេះ ក៏មានការបង្ហាញរបស់មន្ត្រីការិយាល័យ នគរបាលជំនាញ អំពីវិធីសាស្ត្រងាយៗ ក្នុងការទប់ស្កាត់ ពន្លត់អគ្គីភ័យ ដែលអាចឱ្យប្រជាពលរដ្ឋយើង សង្គ្រោះខ្លួនឯងជាបឋមផងដែរ ។
លោកអភិបាលខេត្ត បានយកឱកាសនោះ សម្តែងនូវការកោតសរសើ នូវការយកចិត្តទុកដាក់ខ្ពស់ របស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានអន្តរាគមន៍ទាន់ពេលវេលា និងការគ្រប់គ្រងបានយ៉ាងឆាប់រហ័ស លើបញ្ហាអគ្គិសភ័យនាពេលកន្លងមក ៕