ព័ត៌មានជាតិ

កម្ពុជា និង រដ្ឋលិចតិនស្តាញ នៅអឺរ៉ុប ឯកភាពបន្តកិច្ចសហការ និងពិនិត្យលទ្ធភាព ពង្រីកកិច្ចសហការថ្មី ដើម្បីបង្កើនផលិតភាពការងារ និងទាក់ទាញ វិនិយោគបន្ថែម

ភ្នំពេញ ៖ កម្ពុជា និងរដ្ឋលិចតិនស្តាញ (Liechtenstein) ក្នុងតំបន់អឺរ៉ុប បានឯកភាពគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាល ជំនាញ បច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា ដែលមានស្រាប់ និងពិនិត្យលទ្ធភាពពង្រីក កិច្ចសហប្រតិបត្តិការថ្មីដើម្បីជំរុញ ឱ្យកម្លាំងពលកម្មកម្ពុជាមានផលិតភាព ការងារខ្ពស់ និងទាក់ទាញវិនិយោគបន្ថែម ។
ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបសំដែង ការគួរសមរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ឌូមីនិក ហាស្លឺ (Dominique Hasler) រដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡា នៃប្រទេសលិចតិនស្តាញដែលធ្វើឡើងនៅថ្ងៃសុក្រ ទី១ ខែមិនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង ។ 

ក្នុងជំនួបប្រកបដោយភាព ស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលលិចតិនស្តាញ (Liechtenstein) ដែលបានជួយពង្រឹងបន្ថែម នូវគុណវុឌ្ឍិនៃការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា ស្របទៅនឹងគោលនយោបាយថ្នាក់ជាតិ ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញ ជាក់លាក់ និងអាចបង្កើន ផលិតភាពការងារ និង មានប្រៀបប្រកួតប្រជែង ក្នុងការទាក់ទាញវិនិយោគិន ដែលកំពុងសម្លឹង រកការវិនិយោគមកកាន់តំបន់អាស៊ាន ។

មួយវិញទៀត លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តម្រូវការ ដែលកម្ពុជាចង់បានបន្ថែមនោះ គឺការពង្រឹងគុណវុឌ្ឍិ និងស្តង់ដានៃការបណ្តុះបណ្តាល ឱ្យមានបទដ្ឋានអន្តរជាតិ ដើម្បីបំពេញតម្រូវការទីផ្សារ ដែលកំពុងប្រកួតប្រជែង។

ទន្ទឹមនឹងនេះ លោកស្រីរដ្ឋមន្ត្រី បានសាទរ ចំពោះផែនការ នៃការបណ្តុះបណ្តាលជំនាញ របស់កម្ពុជាដោយគូសបញ្ជាក់ថា ជំនាញបច្ចេកទេសដើរតួនាទីសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ។

លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពពិនិត្យមើលលទ្ធភាព ចំពោះកិច្ចសហប្រតិបត្តិការថ្មី ក្នុងការពង្រឹងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជាឱ្យកាន់តែសម្បូរបែប និងបត់បែន សម្រាប់ពលរដ្ឋឱ្យស្របទៅ តាមតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន និង ការវិវឌ្ឍន៍ នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីឱ្យពលរដ្ឋកម្ពុជា មានលទ្ធភាព និងសមត្ថភាព ខ្ពស់ក្នុងសង្វាក់ ផលិតកម្មដែលជាឈ្នាន់ក្នុងការថែរក្សា វិនិយោគ ដែលមានស្រាប់ និងទាក់ទាញវិនិយោគថ្មីៗបន្ថែម ៕

To Top