ព័ត៌មានជាតិ

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ ណែនាំពីការរៀបចំ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ អមដោយពាក្យស្លោក ២១ប្រយោគ

ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃ១៣-១៦ ខែមេសា ខាងមុខនេះ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ -អន្តរជាតិ បានដាក់ចេញផែនការ ណែនាំដល់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ អមដោយពាក្យស្លោក ២១ប្រយោគ ។

ដើម្បីរៀបចំពិធីបុណ្យ ឲ្យស្របតាមប្រពៃណី និងរក្សាទំនៀមទម្លាប់របស់ជាតិគង់វង្ស និងប្រកបដោយភាពរុងរឿងនោះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំឲ្យក្រសួងព្រះបរមរាជវាំង រៀបចំព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី តាមព្រះរាជប្បវេណី និងតាមការសព្វព្រះរាជហឫទ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ។

ជាមួយគ្នានោះ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និង ស្ថាប័ន ព្រមទាំង រដ្ឋបាលរាជធានី-ខេត្ត
ត្រូវរៀបចំតាំង ព្រះបរមឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាព្រះបរមរតនកោដ្ឋ និងព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដោយមានតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ឱ្យបានស័ក្តិសម។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំឲ្យក្រសួងព័ត៌មាន ចាត់អ្នកយកព័ត៌មាន និងទូរទស្សន៍ជាតិឲ្យចុះធ្វើសកម្មភាពថតរូប ថតទូរទស្សន៍ អំពីសកម្មភាព និងទិដ្ឋភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ ដែលមានពិធីបុណ្យប្រពៃណីសាសនាតាមវត្ត ដើម្បីធ្វើការផ្សព្វផ្សាយបានទូលំទូលាយ ។

គណៈកម្មាធិការជាតិ ក៏បានណែនាំក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ណែនាំអង្គភាពក្រោមឱវាទ សហការការពាររក្សាសន្តិសុខ របៀបរៀបរយសណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ ធានាបានសុវត្ថិភាពមុន ក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ នៅតាមវត្ត មណ្ឌលកម្សាន្ត រមណីយដ្ឋាននានាក្នុងរាជធានី និងគ្រប់ខេត្ត។ ជាមួយគ្នានោះក៏ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត មានវិធានការទប់ស្កាត់ និងលុបបំបាត់នូវសកម្មភាពណា ដែលល្មើសច្បាប់ ហើយប្រាសចាកនឹងប្រពៃណី ទំនៀមទម្លាប់ជាតិ៕

To Top