ព័ត៌មានជាតិ

ទិវាអន្តរជាតិនារី ជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញឲ្យមានការគិតគូរ បន្ថែមកាន់តែខ្លាំងដល់ស្ត្រី និងក្មេងស្រី

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការប្រារព្ធអន្តរជាតិ នារីជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញឲ្យមានការគិតគូរបន្ថែមដល់ស្ត្រី និងក្មេងស្រីកាន់តែខ្លាំងបន្ថែមទៀត និងដោះស្រាយបញ្ហា ប្រឈមកាន់តែមានប្រសិទ្ធភាព។

លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងនាថ្ងៃទី៧ មីនា ក្នុងពិធីទិវាអន្តរជាតិនារីលើកទី១១៣ ក្រោមប្រធានបទ៖ «កាលើកកម្ពស់ស្រ្តីគឺស្មើនឹងការផ្តល់សុខុមាលភាពដល់ស្ត្រី» រៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)ថា ទិវាអន្តរជាតិនារី មានសារៈសំខាន់ខ្លាំងដើម្បីរំលឹកឲ្យគ្រប់គ្នា ត្រូវយកចិត្តទុកដាក់ ជាពិសេសយកចិត្តទុកដាក់ដល់ស្ត្រី និងកុមារីជាចម្បង ពិសេសស្ត្រី និងក្មេងស្រីរស់នៅជាមួយនឹងជំងឺអេដស៍ ។ ជំងឺអេដស៍ ដែលថ្វីដ្បិតថា មើលពីខាងក្រៅឃើញមានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែជំងឺនេះ នៅតែបន្តរីករាលដាល ហើយភាគច្រើននៃជំងឺនេះ គឺកើតលើអ្នកដែលស្រឡាញ់ភេទដូចគ្នា។

ជាមួយគ្នានោះ លោកស្រីបណ្ឌិត សឿ សុជាតា ក៏បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ពិសេសសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងចៀសឲ្យផុតពីអំពើអបាយមុខនានាក្នុងសង្គម ធ្វើខ្លួនឲ្យក្លាយខ្លួនជាមូលធន ដ៏សំខាន់នៃសង្គម ប្រកប ដោយបញ្ញា ស្មារតី និងចូលរួមលើកកម្ពស់ ការអភិវឌ្ឍសង្គមស្រប តាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងលើកឡើងថា «ទិវាអន្តរជាតិនារី» ដែលរៀបចំឡើងដោយ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ក៏ស្របគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលអាណត្តិថ្មី មានគោលជំហរនយោបាយនៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាព ដល់ស្ត្រីនៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីកម្ពុជា ត្រូវបានដាក់ចេញ អនុវត្តយ៉ាងសកម្ម។

ក្នុងនាមលោកអភិបាល ខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន ក៏បានថ្លែងអំណរគុណចំពោះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលបានចូលរួមឆ្លើយ តបប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ជាមួយរាជរដ្ឋាភិបាល និងជាពិសេសខេត្តកំពង់ឆ្នាំង លើសេវាផ្តល់ថ្នាំ ប្រឆាំងនឹងមេរោគអេដស៍ និងការថែទាំនៅមន្ទីរពេទ្យ ខេត្ត ស្រុក ហើយជាពិសេស បានយកចិត្តទុកដាក់ និងដែលបាន រៀបចំឲ្យមានកម្មវិធី ដ៏មានអត្ថន័យនេះផងដែរ ។

អង្គការមូលនិធិថែទាំសុខភាពអ្នក ជំងឺអេដស៍ បានបង្កើតកម្មវិធីក្មេងស្រីរបស់ខ្លួន ដែលធ្វើការនៅទូទាំងប្រទេសជិត៤០ ។ ក្រុមអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ ដើម្បីជួយស្ត្រី និងកុមារី ឲ្យចៀសផុត ពីការឆ្លងមេរោគអេដស៍ (ឬការព្យាបាលប្រសិនបើមាន ផ្ទុកមេរោគអេដស៍) រក្សាពួកគេឲ្យនៅបន្តការសិក្សា និងចៀសសវាងការមានផ្ទៃពោះ ដោយមិនបានគ្រោងទុក៕

To Top