ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារ ជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកម្ពុជា

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ បានអនុញ្ញាតឱ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះលោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាម៉េរិក តាមរយៈលោកឯកអគ្គរដ្ឋទូត ដែលជានិច្ចកាល បានជួយគាំទ្រ ដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រី បានជម្រាបលោក Patrick Murphy ពីតួនាទីដ៏ចម្បង របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា មានការងារពីរសំខាន់គឺ ការគ្រប់គ្រងទឹកសម្រាប់ផ្គត់ផ្គង់ទឹក លើគ្រប់វិស័យមាន វិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ទូទៅក្នុងជីវភាពរស់នៅ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុន ពីស្ថានភាពអាកាសធាតុ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ និងជាចលករ ជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបម្រើឱ្យការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានស្នើសុំភាគីអាម៉េរិក ផ្តល់នូវកិច្ចសហប្រតិបត្តិការ លើវិស័យឧតុនិយម ជាពិសេសការព្យាករអាកាសធាតុ និងការជូនដំណឹងជាមុន ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ច និងជួយបណ្តុះបណ្តាលដល់មន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ លើវិស័យឧតុនិយម និងជលសាស្ត្រ ។

លោក Patrick Murphy បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ។ លោកឯកអគ្គរដ្ឋទូត បានទទួលយកសំណើទាំងអស់ទៅពិភាក្សា និងបានបញ្ជាក់ពីការ ពង្រឹងពង្រីកចំណងមិត្តភាព និងភាពជាដៃគូ សំដៅធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងក្របខ័ណ្ឌឯករាជ្យ អធិបតេយ្យភាពជាតិរបស់ខ្លួន ៕

To Top