ភ្នំពេញ ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ប.ស.ស.) បានលើកបង្ហាញពីទិសដៅ អនុវត្តបន្តរបស់ខ្លួនក្នុងឆ្នាំ២០២៤ ដើម្បីធានាប្រសិទ្ធភាព ការងារក្នុងការគាំពារ សុខុមាលភាពពលរដ្ឋកម្ពុជា និងផ្សព្វផ្សាយអំពី របបសន្តិសុខសង្គម ទៅដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។
បើតាមលោកហេង សុផាន់ណារិទ្ធ សម្រាប់ ឆ្នាំ២០២៤នេះ ប.ស.ស. នឹងបន្តពង្រីកការផ្សព្វផ្សាយ អំពីរបបថែទាំសុខភាព តាមរបបភាគទានដោយ ស្ម័គ្រចិត្ត ដល់មន្ត្រីរាជការ តាមក្រសួងស្ថាប័ន, បន្តជំរុញការផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ របបសន្តិសុខសង្គម គ្រប់រូបភាព និងគ្រប់ទម្រង់ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា, សិក្សារៀបចំ និងបង្កើតក្រុមការងារ សម្របសម្រួលចុះបញ្ជីចល័តនៅ តាមទីប្រជុំជន,ផ្សារ និងបន្តពង្រឹង ព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាមូលដ្ឋាន សុខាភិបាលជាដៃគូ ប.ស.ស. ដែលជាការចាំបាច់បំផុត។
លោកបានគូសបញ្ជាក់ថា អនុលោមតាមទិសដៅអាទិភាពនៃ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” និង “កម្មវិធីនយោបាយអាទិភាព” របស់រាជរដ្ឋាភិបាល បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងបេសកកម្ម ដើម្បីធានាការអនុវត្ត របបសន្តិសុខសង្គម ប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ ប.ស.ស. នឹងបន្តជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គម ដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បុគ្គលស្វ័យ និយោជន៍ អ្នកក្នុងបន្ទុក និងចូលរួមអនុវត្តគោល នយោបាយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈកម្មវិធីអាទិភាពចំនួន៥ រួមមាន ៖ ទី១ការពង្រីកវិសាលភាព នៃការអនុវត្តរបបសន្តិសុខសង្គម ទី២ ការពង្រឹងគុណភាព និងសមត្ថភាពផ្ដល់សេវា ទី៣ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ ទី៤ ការធានានិរន្តរភាព មូលនិធិសន្តិសុខសង្គម ព្រមទាំងទី៥ ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន ។
លោកលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវការរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការផ្សព្វផ្សាយ តាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ ធ្វើយ៉ាងណាផ្តល់ព័ត៌មានអំពី ប.ស.ស.ទៅដល់មូលដ្ឋាន ពលរដ្ឋដែលកំពុងរស់នៅ ៕