ព័ត៌មានជាតិ

សម្តេចធិបតី ៖ វិស័យអប់រំ-សុខាភិបាល នៅតែជាគន្លឹះសម្រាប់ការពារ និងពង្រឹងជាតិ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យអប់រំ និងវិស័យសុខាភិបាល នៅតែជាគន្លឹះសំខាន់របស់រាជរដ្ឋាភិបាល សម្រាប់ការពារនិងពង្រឹងជាតិ ។

សម្តេចធិបតី បានថ្លែងក្នុងពិធីដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យតេជោសែន កោះធំ” ខេត្តកណ្តាល ព្រឹកថ្ងៃ១៣ មីនា ថា «មនុស្សគឺជាកត្តាធំណាស់បានធ្វើឲ្យប្រទេសយើងរីកចម្រើនទៅមុខ និងកសាងប្រទេសជាតិ។ បើយើងនិយាយពីមនុស្សយើងមានកក្តាធំចំនួន២គឺ សុខភាពនិងសមត្ថភាព ហើយបើយើងនិយាយពីចំណុចនេះ យើងនិយាយពីការអប់រំ និងសុខាភិបាល ។ អាហ្នឹងគឺជាកក្តា មួយសំខាន់ណាស់ អីចឹងវិស័យអប់រំ និងសុខាភិបាល នៅតែជាគន្លឹះ សម្រាប់ការពារ និងពង្រឹងជាតិ»។

សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា វិស័យអប់រំ និងសុខាភាពនេះគឺជាកក្តាមួយគត់ដែលធ្វើឲ្យមនុស្សការពារទឹកដី ការពារសមិទ្ធផលផ្សេងៗ និងថែមទាំងការពារវប្បធម៌ សាសនា និងអ្វីទាំងអស់ដែលជារបស់ជាតិ។

ជាមួយគ្នានោះដែរ សម្តេចធិបតី បានបន្ថែមថា ការកសាងសុខាភិបាលនេះ គឺការផ្តល់សេវាព្យាបាលជំងឺ ។ យ៉ាងណាក្តីសម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា វិស័យសុខាភិបាលនេះ ត្រូវតែមានធនធានមនុស្ស ពោលគឺមនុស្ស ដែលមានជំនាញ (ពេទ្យដែលមានជំនាញ) ។ ពេទ្យត្រូវការផ្តល់ការបំពាក់សំភារៈ ត្រូវផ្តល់សិទ្ធិ ក្នុងការគាំទ្រដើម្បីបំពេញការងារ ៕

To Top