ព័ត៌មានជាតិ

ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សាងសង់តួស្ពានសម្រេចបាន ៤៥% ខណៈការសាងសង់ ផ្លូវតភ្ជាប់សម្រេចបាន ១៥%

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ខណៈគម្រោងសាងសង់តួស្ពានសម្រេចបាន ៤៥% ហើយការសាងសង់ផ្លូវតភ្ជាប់សម្រេចបាន១៥%។

នៅក្នុងដំណើរចុះពិនិត្យនាឱកាសនេះ លោករដ្ឋលេខាធិការ បានធ្វើការណែនាំទៅកាន់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តសាងសង់ (Construction Method Statement) ពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន និងត្រូវបំពាក់អំពូលបំភ្លឺពេលយប់ នៅគ្រប់សសរស្ពានផងដែរ។

បន្ថែមពីនេះ លោករដ្ឋលេខាធិការនាយកគម្រោង ក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារ ឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលាល្អ សម្រាប់ការធ្វើស្រទាប់គ្រឹះផ្លូវ ហើយរាល់ដំណាក់កាល ការងារនីមួយៗ ត្រូវធ្វើតេស្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានដែលបានកំណត់។

សូមបញ្ជាក់ថា ជារួម វឌ្ឍនភាពគម្រោងជារូបវ័ន្តទាំងមូល គឺសម្រេចបានប្រមាណជិត ៣០ %។ តួលេខខាងលើបានបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក៕

To Top