ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូនេស៊ី ព្រមព្រៀងចុះ MOU លើវិស័យសុខាភិបាល នាពេលខាងមុខ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងា ររវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកSanto Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា នាថ្ងៃ១៤ មីនា ភាគីទាំង២បានឯកភាព រួមជាគោល លើការចុះអនុស្សរណៈ នៃការយោគយល់គ្នា(MOU) រវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ នាពេលខាងមុខនេះ និងឈានទៅរកការពង្រីក កិច្ចសហប្រតិបត្តិការ លើចំណុចជាក់លាក់ បន្ថែមផ្សេងៗ ទៀតផងដែរ។

ជាកិច្ចចាប់ផ្តើម សាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ និងបានជម្រាបពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច។ ក្នុងគ្រាឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីគោលបំណងនៃកិច្ចជំនួបក្នុងគោលបំណងពិភាក្សា និងពន្លឿនការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ និងការពង្រីកការវិនិយោគ លើឱសថ និងបរិក្ខារពេទ្យក្នុង ប្រទេសកម្ពុជា និង កិច្ចសហប្រតិបត្តិការ លើការផ្តល់អាហារូបករណ៍ ចំពោះនិស្សិតក្នុង វិស័យសុខាភិបាល។

សម្រាប់ករណីនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់សាធារណរដ្ឋឥណ្ឌូនេស៊ី តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើក កម្ពស់ សុខុមាលភាព របស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេច បាននូវការគ្រប ដណ្តប់សុខភាពជាសកល ស្របតាមផែនការ យុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

To Top