ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ សមាសភាពគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា ជាលើកដំបូង ឆ្នាំ២០២៤

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ សមាសភាពគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា ជាលើកដំបូងក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ សមាសភាពគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា ជាលើកដំបូង ឆ្នាំ២០២៤

សូមជម្រាបថា កិច្ចប្រជុំដ៏មានសារ សំខាន់នេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងសហការី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ អគ្គេលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សរុបប្រមាណ៧០នាក់ ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានរម្លឹកប្រាប់កិច្ចប្រជុំថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រង ផ្ទាល់របស់រាជរដ្ឋាភិបាល មានបេសកកម្មសម្របសម្រួល ក្នុងការគ្រប់គ្រង ការការពារ ការអភិរក្ស និងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ដើម្បីបុព្វហេតុ សេដ្ឋកិច្ចជាតិ និងផលប្រយោជន៍ របស់ប្រជាជន និងដើម្បីបុព្វហេតុសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងតំបន់ទន្លេ មេគង្គ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាក្នុងនាមជាសមាជិកគណៈកម្មការទន្លេមេគង្គ បានបន្តចូលរួមយ៉ាងសកម្ម និងធ្វើកិច្ចសហការ យ៉ាងជិតសិ្នទ្ធជាមួយប្រទេស សមាជិកផ្សេងទៀត មានឡាវ ថៃ និងវៀតណាម និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ក៏ដូចជាជាមួយប្រទេស ដៃគូសន្ទនាមានចិន និងមីយ៉ាន់ម៉ា ព្រមទាំងដៃគូសហការពាក់ព័ន្ធដទៃទៀត ដើម្បីរួមគ្នា បន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូ ឱ្យបានកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត ក្នុងកិច្ចខិតខំប្រឹងប្រែង និងបេសកកម្មរួម ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ ។

លោកមន្ត្រីបញ្ជាក់ថា សមិទ្ធផលក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដែលសម្រេចបាន គឺបង្ហាញពីការ យកចិត្តទុកដាក់និង កិច្ចខិតខំប្រឹងប្រែង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងស្មារតី នៃកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំជាបន្ត ទន្លេមេគង្គតែមួយ ស្មារតីតែមួយ លោករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿយ៉ាងមុតមំាថា តាមរយៈផែនការ យុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៤-២០២៨) ការអនុវត្តបេសកកម្ម របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានឹងទទួលបានជោគជ័យ ព្រមទាំងនាំមកនូវ សមិទ្ធផលថ្មីៗ ច្រើនថែមទៀត ដើម្បីការគ្រប់គ្រង ការប្រើប្រាស់ ការអភិវឌ្ឍ និង ការអភិរក្សធនធានទឹក និងធនធានពាក់ព័ន្ធ សម្រាប់ថ្នាក់ជាតិនិង ក្របខ័ណ្ឌតំបន់ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាពក្នុងអាងទន្លេមេគង្គ ៕

To Top