ព័ត៌មានជាតិ

សម្តេចធិបតី ប្រកាសឧបត្ថម្ភថវិកា ២០០លានរៀល ក្នុង១ឆ្នាំ ដល់មូលនិធិ ជនពិការតេជោសែន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រ ការបង្កើតមូលនិធិជន ពិការតេជោសែន ដោយសម្តេចនឹងឧបត្ថម្ភថវិកា ២០០លានរៀលក្នុង១ឆ្នាំ រយៈពេល៤ឆ្នាំដំបូង សម្រាប់ទ្រទ្រង់ដំណើរការ មជ្ឈមណ្ឌលមួយនេះ ។

ក្នុងឱកាសអញ្ជើញ សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាថ្ងៃទី២១ មីនា តបតាមសំណើរ របស់ប្រធានមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន សម្តេចធិបតីបានឯកភាព និងគាំទ្រដល់ការបង្តើត មូលនិធិតេជោសែន ដើម្បីគៀងគរប្រភពថវិកា ។ ជាមួយនឹងការឯកភាពនៃការបង្កើតមូលនិធិនេះ សម្តេចធិបតី ក៏បានឲ្យរួមបញ្ជូលគ្នា រវាងមូលនិធិ ជនពិកាហ៊ុនសែន ដែលបង្កើតក្នុងឆ្នាំ១៩៩៧ មកនៅក្នុងមូល និធិជន ពិការតេជោសែនតែមួយតែម្តងផងដែរ ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានឲ្យរៀបចំលក្ខន្តិកៈ ឲ្យបានត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ក៏ដូចជាការបង្កើតការទុកចិត្ត និងការចូលរួមដល់មូលនិធិនេះផងដែរ ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “នៅក្រោយពេលបង្កើតនេះ ខ្ញុំសូមបោះមេ ខ្ញុំសូមចូលរួម២០០លាន (រៀល) តែម្តង នៅក្នុងមូលនិធិនេះ ។ ហើយនឹងបន្ត១ឆ្នាំ ២០០លាន នៅក្នុង៣ឆ្នាំទៅមុខទៀត សរុប៤ឆ្នាំដំបូល ក្នុង១ឆ្នាំ២០០លានតែម្តង” ។

បន្ទាប់ពី៤ឆ្នាំនៃការជួយពីសំណាក់សម្តេចធិបតី ២០០លានរៀលហើយនោះ សម្តេចនឹងនៅបន្តជួយជាបន្តបន្ទាប់ តាមការពិនិត្យជាក់ស្តែងនៅពេលនោះ ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានអំពាវនាវដល់សប្បុរសជន ទាំងជាតិនិងអន្តរជាតិបន្តជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ឲ្យដំណើរការទៅមុខបន្តទៀត ។

សម្តេចធិបតីបានលើកឡើងថា “សូមបន្តជួយទៅទៀត ព្រោះដើម្បីជួយនៅក្នុង ការដំណើរការមជ្ឈមណ្ឌល នៅក្នុងការផ្តល់អត្ថប្រយោជន៍ និងគណៈកម្មការប៉ារ៉ាហ្គេម ដល់បងប្អូនរបស់យើង បានតិចបានច្រើនជួយគ្នា ដើម្បីយើងរួមគ្នាធ្វើតែម្តង” ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានប្រកាសទទួលយកសំណើ ពីប្រធានមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ចំពោះការស្នើឲ្យសម្តេច ធ្វើជាប្រធានកិត្តិយស មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ផងដែរ៕

To Top