ព័ត៌មានជាតិ

សម្តេចធិបតី អះអាងថា ដរាបណាសម្តេច នៅជានាយករដ្ឋមន្ត្រី មិនឲ្យរុះរើ មជ្ឈមណ្ឌជាតិជនពិការតេជោសែន ទៅណាទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលមិនមាន គោលការណ៍ ដោះដូរទីតាំងរបស់មជ្ឈមណ្ឌជាតិ នៃជនពិការតេជោសែន ទៅណាផ្សេងទៀតនោះទេ ពោលដរាបណាសម្តេច នៅតែជានាយករដ្ឋមន្ត្រី គឺមិនចុះហត្ថលេខាឲ្យផ្លាស់ប្តូរជាដាច់ខាត ។

ការអះអាងរបស់សម្តេចធិបតីនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ សម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាថ្ងៃ២១ មីនា ។

ឆ្លើយតបនឹងសំណើប្រធាន មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន សម្តេចធិបតីបានឲ្យ រក្សាសមិទ្ធផល ដែលមាននៅមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ទៅជាទីតាំងប្រវត្តិសាស្ត្រសម្រាប់ជនពិការទៅអនាគត ។ ក្នុងន័យនេះ សម្តេចធិបតី បានប្រើប្រាស់ពាក្យសាមញ្ញថា កុំឲ្យរើកញ្ចើទៀត ។

ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីជាង១០ឆ្នាំមុន នៅទីតាំងនិងជុំវិញនៃមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន គឺជាវាលស្រែសុទ្ធ ខណៈឥឡូវនេះ ពោលពេញដោយសំណង់លំនៅឋាន និងអាគារខ្ពស់ៗ ដែលជាការអភិវឌ្ឍមួយយ៉ាងឆាប់រហ័ស និងមិននឹកស្មានដល់ ។

ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “សំខាន់សិលាចារឹក រាប់តោនដឹកមកនេះ មិនងាយរើទៅណាទេ ។ ចឹងឯកភាព គឺត្រូវរក្សានៅទីនេះ កុំឲ្យមានការដោះដូរទៅណា ។ រដ្ឋាភិបាលមិនមានគោលការណ៍ដោះដូរទៅណាទេ ។ នេះខ្ញុំនិយាយបានក្នុង នាមខ្ញុំជានាយករដ្ឋមន្ត្រីទេ ពីណាផ្សេងមក សិទ្ធិសម្រេចលើគេ តែដរាបណា ខ្ញុំនៅដឹកនាំរដ្ឋាភិបាល អត់មានចុះហត្ថលេខាផ្លាស់ប្តូរទេ” ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន មានផ្ទៃដីទំហំ ៥,០០០ម៉ែត្រក្រឡា ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

To Top