ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ មន្ដ្រីនគរបាលម្នាក់ ផឹកស្រាស្រវឹង មិនសហការឲ្យពិនិត្យជាតិ អាល់កុល ថែមទាំងរុញច្រាន នគរបាលនារីថែមទៀត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា មានមន្ដ្រីនគរបាលម្នាក់ ឋានៈជាអនុប្រធាន នាយកដ្ឋាន បានផឹកស្រាស្រវឹង មិនព្រមសហការ ឲ្យត្រួតពិនិត្យជាតិអាល់កុលនោះទេ ថែមទាំងបានរុញច្រាន (រុញដើមទ្រូង) នារីជានគរបាលម្នាក់ទៀត ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោកឧបនាយករដ្ឋមន្ដ្រី ស សុខា នៅថ្ងៃទី២២ មីនា ដោយទទួលបានព័ត៌មាន ពីឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺថានៅយប់ថ្ងៃទី២១ មីនា ត្រង់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ពេលយប់ ត្រង់ចំណុចរង្វង់មូល សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ មានករណីមន្រ្តីនគរបាលម្នាក់ ឈ្មោះ យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្តម៉ាក ឡង់គ្រីស័រ ពាក់ផ្លាកលេខភ្នំពេញ 2L-8668 ក្នុងអាការៈស្រវឹង ឃើញស្ថានភាពបែបនេះ សមត្ថកិច្ច បានអនុវត្តនីតិវិធីត្រួតពិនិត្យជាតិ អាល់កុល ក៏ប៉ុន្តែលោកមិនព្រមសហការទេ ផ្ទុយទៅវិញបែរជាយកទូរសព្ទព្យាយាម ថតកម្លាំងនគរបាលជានារី។

ប្រភពបន្តថា “កម្លាំងនគរបាល បានព្យាយាមពន្យល់ម្ដងហើយម្ដងទៀត ឲ្យសហការ និងបានហាមឃាត់កុំឲ្យថត តែបុគ្គលនេះនៅតែជជែងតវ៉ា រហូតដល់បានយកដៃរុញដើមទ្រូងនគរបាលនារី ក៏នាំឲ្យកើតមានការប្រតាយប្រតប់ ។ ភ្លាមនោះ កម្លាំងនគរបាល ក៏បង្ខំចិត្តចាប់ជននោះវាយខ្នោះ និងបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធី ។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យឃើញបុគ្គលនេះ មានជាតិអាល់កុល កម្រិត 0,52 មីលីក្រាមក្នុង១លីត្រខ្យល់” ។

លោករដ្ឋមន្រ្តីថា ករណីខាងលើនេះ បានបង្ហាញច្បាស់ហើយថា ប្រសិនបើអ្នកបើកបរទាំងឡាយមិនព្រមផ្ដល់កិច្ចសហការ តួយ៉ាងការត្រួតពិនិត្យជាតិអាល់កុល កម្លាំងសមត្ថកិច្ចនឹងប្រើសិទ្ធិចាប់ឃាត់ខ្លួន ឬវាយខ្នោះបើប្រតិកម្មតប រួចបញ្ជូនទៅកាន់ការិយាល័យដើម្បីបន្តនីវិធី។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏ធ្លាប់បានរម្លឹកម្ដងហើយម្ដងទៀតថា មន្រ្តីរាជការស៊ីវិលក្ដី មន្រ្តីនគរបាលជាតិក្ដី មន្រ្តីពន្ធនាគារក្ដី ពួកគាត់មិនត្រឹមតែមានតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋនោះទេ ប៉ុន្តែពួកត្រូវតែមានស្មារតីចូលរួមផ្ដល់ភាពជាគម្រូនៃការអនុវត្តច្បាប់ និងជាគម្រូនៃការប្រព្រឹត្តអំពើល្អក្នុងសង្គមផងដែរ ។

លោកឧបនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ពលរដ្ឋ ជាពិសេសអ្នកនិយមពិសា គ្រឿងស្រវឹង មិនថាពេលថ្ងៃ ឬពេលយប់ ត្រូវទទួលទានប្រកប ដោយការទទួលខុសត្រូវ ហើយញាតិមិត្ត និងក្រុមគ្រួសារចូលរួមក្រើនរំលឹក បញ្ចៀស និងហាមឃាត់កុំឲ្យអ្នកទាំងនោះ បញ្ជាយានយន្តទាំង ក្នុងអាការៈស្រវឹង ។ ទន្ទឹមគ្នានេះដែរ លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសូមឲ្យអ្នកបញ្ជាយានយន្តទាំងឡាយ គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមផ្ដល់កិច្ចសហការឲ្យបានល្អ ជាមួយកម្លាំងសមត្ថកិច្ច»៕

To Top