ព័ត៌មានជាតិ

តំណាង​ក្រសួង​ការងារ ​និងអគ្គនាយកអន្តោប្រវេសន៍ ដឹកនាំកិច្ចប្រជុំត្រៀមសម្របសម្រួល ដល់ពលករកម្ពុជា មានបំណងវិលត្រលប់ មកស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ​

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំរួមគ្នា ដើម្បីត្រៀមសម្របសម្រួល ដល់បងប្អូនពលករកម្ពុជា មានបំណងវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ឆ្នាំថ្មីខាងមុខនេះ នៅតាមបណ្ដាច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការងារ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុព័ន្ធអមស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសៈកែវ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ និងការិយាល័យនិងប៉ុស្តិ៍ចំណុះការិយាល័យច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាំយាម ព្រំ ដូង ភ្នំដី ស្ទឹងបត់ អូរស្មាច់ និងជាំ ។

បន្ទាប់ពីកិច្ចប្រជុំ ប្រតិភូ ចុះពិនិត្យទីតាំងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង ច្រកទ្វារអន្តរជាតិ ខេត្តបាត់ដំបង ដើម្បីរៀបចំលំហូរ ទទួលពលករ រួមទាំងពិនិត្យទីតាំងសង់រោង សម្រាប់ចែកទឹកដល់ពលករ និងសម្រាករង់ចាំជិះឡានត្រឡប់ទៅប្រទេសកម្ពុជា ៕

To Top