ព័ត៌មានជាតិ

នគរបាល បំបែកសំណុំរឿងឃាតកម្ម សម្លាប់ញាត់សព ក្នុងវ៉ាលីនៅភ្នំពេញ យកទៅបោះចោល នៅកោះកុង

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ រហូតឈានដល់បំបែកសំណុំរឿង ឃាតកម្មសម្លាប់ញាត់សព ក្នុងវ៉ាលីនៅភ្នំពេញ រួចយកទៅបោះចោល នៅខេត្តកោះកុង ដោយឃាត់ខ្លួនជនដៃម្នាក់ ។

កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញវ៉ាលី ដាក់សាកសព នៅចំណុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (មិនស្គាលអត្តញ្ញាណ) ។

ក្រោយពីទទួលបានព័ត៌មាននេះ នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញ របស់ស្នងការដ្ឋាន នគរបាលខេត្តកោះកុង អធិការដ្ឋាន នគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់ បានទីតាំងលាក់ខ្លួន របស់ជនសង្ស័យ និងទីតាំងឈាន ទៅដល់ការឃាត់ខ្លួន នៅចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅចំពោះមុខសម្ថតកិច្ច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនដៃដល់ឈ្មោះ ញ៉ែប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីធ្វើសកម្មភាពរួច នៅថ្ងៃដដែល វេលាម៉ោងប្រហែល ៦៖៤៩នាទីល្ងាច ខ្លួនបានដាក់សាកសពចូលទៅក្នុងវ៉ាលីដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោល នៅចំណុចជំរាលផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជនសង្ស័យបានបន្ថែមថា មូលហេតុខ្លួនសម្លាប់ជនរងគ្រោះដោយសារតែខឹងជនរងគ្រោះ បាន Hack យកគណនី ICloud ,ធនាគារ ABA ,ស៊ីមទូរស័ព្ទ របស់ខ្លួនយកទៅគ្រប់គ្រង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សូមជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត ដោយមិនខ្លាចនឿយហត់ ហើយប្រើប្រាស់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ក៏បំបែកសំណុំរឿងឃាតកម្មដ៏រន្ធត់មួយនេះ បានជោគជ័យ៕

To Top