ព័ត៌មានជាតិ

សម្តេចធិបតី លើកទឹកចិត្ត គណៈគ្រប់គ្រងសួនឡូជីស្ទីក វៀងចន្ទន៍ ក្នុងការស្វែងរកឱកាស វិនិយោគ ផ្នែកឡូជីស្ទីកនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចកំពង់ផែស្ងួត និងសួនឡូជីស្ទីកវៀងចន្ទន៍ នៅថ្ងៃទី២៦ មីនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានគូសបញ្ជាក់ពីសក្តានុពល និងភាពសម្បូរបែប នៃផ្នែកឡូជីស្ទីក នៅប្រទេសកម្ពុជា ទាំងខាងផ្លូវគោក និងសមុទ្រ ដែលជាសក្តានុពល ក្នុងការតភ្ជាប់កម្ពុជា ទៅក្នុងតំបន់ និងសកលលោក ។

ក្នុងដំណើរទស្សនកិច្ចនោះដែរ គណៈគ្រប់គ្រងសួនឡូជីស្ទីកវៀងចន្ទន៍ បានសម្តែងនូវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីកិច្ចការអភិវឌ្ឍន៍នៅក្នុងតំបន់ឡូជីស្ទីកនេះ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន (PPP) ដែលភាគីរដ្ឋជាអ្នកផ្តល់ដី សម្បទានជូនក្រុមហ៊ុន ចំណែកក្រុមហ៊ុន ជាអ្នកទទួលបន្ទុកលើការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការទូទៅ ។

ដោយឡែក ក្នុងកិច្ចដំណើរការរដ្ឋបាលប្រចាំថ្ងៃ នៅក្នុងតំបន់ សួនឡូជីស្ទីកនេះ ក៏មានការចូលរួមផងដែរពីមន្រ្តីស្ថាប័នរដ្ឋ ដូចជាមន្រ្តីគយ ពន្ធដារ កសិកម្ម ពាណិជ្ជកម្ម និងមន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ ។

តំណាងគណៈគ្រប់គ្រងក្រុមហ៊ុន ក៏បានគោរពជម្រាបជូន សម្តេចធិបតី ថា សួនឡូជីស្ទីកវៀងចន្ទន៍នេះ គឺជាចក្រទ្វារព្រំដែនអន្តរជាតិមួយ សម្រាប់ការដឹកទំនិញពីបណ្តា ប្រទេសជិតខាង ដូចជាប្រទេសថៃ វៀតណាម និងចិន ហើយក៏ជាសួន សម្រាប់សម្រួល ការដឹកជញ្ជូនទំនិញចេញ ពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ចិន និងបន្តដឹកជញ្ជូនទៅកាន់ប្រទេស ផ្សេងៗទៀតដូចជាអ៊ឺរ៉ុប ផងដែរ ។

ជាការឆ្លើយតប បន្ទាប់ពីការធ្វើបទបង្ហាញអំពីការកសាង និង អភិវឌ្ឍន៍សួនឡូជីស្ទីកវៀងចន្ទន៍ សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចអភិវឌ្ឍន៍ និងភាពជោគជ័យ ដែលសួននេះសម្រេចបាន ព្រមទាំងបានបង្ហាញ នូវចំណាប់អារម្មណ៍ ចំពោះការរៀបចំរចនាសម្ព័ន្ធ និងប្រតិបត្តិការទូទៅនៅក្នុងតំបន់នេះ ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីសក្តានុពល និងភាពសម្បូរបែប នៃផ្នែកឡូជីស្ទីក នៅប្រទេសកម្ពុជា ទាំងខាងផ្លូវគោក និងសមុទ្រ ដែលជាសក្តានុពល ក្នុងការតភ្ជាប់កម្ពុជា ទៅក្នុងតំបន់ និង សកលលោក ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើការអភិវឌ្ឍវិស័យដឹកជញ្ជូន និងការតភ្ជាប់ ដើម្បីធានាបាននូវភាព គូប្រជែងរបស់កម្ពុជា ។

ក្នុងន័យនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្ត និងស្វាគមន៍ ចំពោះគណៈគ្រប់គ្រងសួនឡូជីស្ទីកវៀងចន្ទន៍ ក្នុងការស្វែងរកសក្តានុពល និងឱកាសវិនិយោគ ផ្នែកឡូជីស្ទីកនៅប្រទេសកម្ពុជា ផងដែរ ៕

To Top