ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ សុខាភិបាល ទទួលជួប នាយកអង្គការ KOFIH

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ២៩ មីនា បានទទួលជួបលោកសាស្ត្រាចារ្យ HA IL-Soo នាយកអង្គការ Korea Foundation for International Healthcare (KOFIH) និងលោក Song Yonggun ប្រធានប្រចាំប្រទេសកម្ពុជា និងក្រុមការងារ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណ និងវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការជាដៃគូជាមួយអង្គការ KOFIH ចាប់តាំងពីឆ្នាំ២០១១កន្លងមក និងបានគូសបញ្ជាក់ថា គម្រោងរបស់ KOFIH ពិតជាបានគាំទ្រ និងជួយចំកន្លែងដែលមានតម្រូវការ មានលក្ខណៈច្បាស់លាស់ និងនិរន្តរភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ សុខុមាលភាព របស់ប្រជាជនកម្ពុជា និងលើកកម្ពស់សមត្ថភាព របស់បុគ្គលិកសុខាភិបាល និងគុណភាពសេវាសុខាភិបាល ។

ចំណែកសាស្ត្រាចារ្យ HA IL-Soo បានបញ្ជាក់អំពីជំហរ ពង្រឹកកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់គុណភាព សេវាថែទាំសុខភាព និងការពង្រឹងការគ្រប់គ្រង ជំងឺរ៉ាំរ៉ៃ នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គម្រោងពង្រឹងការគ្រប់គ្រងជំងឺឆ្លង និងការឆ្លើយតបបន្ទាន់ តាមតំបន់ព្រំដែន នៅភាគពាយ័ព្យកម្ពុជា ព្រមទាំងការពង្រីងវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈជំនួយបណ្តុះបណ្តាល ធនធានមនុស្ស ក្រោមកម្មវិធីអាហារូបករណ៍ Dr LEE Jong-wook (LJWFP) និងគម្រោងលើកកម្ពស់គុណភាព ការថែទាំបន្ទាន់ សម្រាប់គម្រោងថែទាំ សម្ភព និងរោគស្ដ្រី និងការសង្គ្រោះទារកទើបនឹងកើត នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា (EmONC) រួមទាំង ការពង្រឹងសេវាថែទាំសុខភាព នៃអន្តរាគមន៍ដំបូង និងស្តារនីតិសម្បទាសម្រាប់ជន មានពិការភាពនៅប្រទេសកម្ពុជា ផងដែរ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តអង្គការ KOFIH ពង្រីកវិសាលភាព នៃគម្រោងដែលកំពុងអនុវត្ត ទៅកាន់បណ្តាខេត្តមួយចំនួនទៀត ព្រមទាំងបង្កើតគម្រោងបន្ថែម ជាពិសេសផ្នែកការថែទាំទារកទើបនឹងកើត ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណៈភាពទារកនិងកុមារនៅកម្ពុជា។ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើ KOFIH បន្តគាំទ្រការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងមន្ទីរពេទ្យសាកលវិទ្យាល័យ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធអគារ ផ្នែកសម្ពព និងកុមារ និងប្រព័ន្ធបញ្ជូន ព្រមទាំងបន្តពង្រីក កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការ គ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ៕

To Top