ព័ត៌មានជាតិ

សម្តេចធិបតី ​៖​ ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋា រចនាសម្ព័ន្ធថ្មីមួយទៀត នឹងដាក់ឱ្យប្រើប្រាស់ បណ្តោះអាសន្ន មុនចូលឆ្នាំថ្មី ប្រពៃណីជាតិ

ភ្នំពេញ៖​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយកដ្ឋមន្ត្រីនៃកម្ពុជា​ បានលេីកឡេីងថា​ ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ។

ស្ពានអាកាសមរតកតេជោ​ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស​ និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)​ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរ​ នៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថី សម្តេចតេជោ ហ៊ុន សែន មក មហាវិថី​ព្រះមុនីវង្ស​ ដោយបច្ចុប្បន្នសាងសង់ សម្រេចបាន​ ប្រមាណ ៨០% ដោយគ្រោងបញ្ចប់ការសាងសង់ នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅមុនពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការ កកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល​ ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ច​ ប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។

យោងតាមបណ្តាញសង្គម​ របស់សម្តេចធិបតី​ នាថ្ងៃទី៣០​ មីនានេះ​ បានឲ្យដឹងថា​ ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាព​ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ។

សម្តេចធិបតី​ នាយករដ្ឋមន្ត្រី​ គូសបញ្ជាក់ថា​ សមិទ្ធផលនេះ ក៏នឹងជួយកាត់បន្ថយចំណាយ​ លើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា និង សម្រួលដល់ការធ្វើដំណើរប្រកបការងារ ជាពិសេស ការជួយលើកកម្ពស់ការកសាង សេដ្ឋកិច្ចមូលដ្ឋាន​ របស់ប្រជាពលរដ្ឋផងដែរ ៕

To Top