ព័ត៌មានជាតិ

សង្ក្រាន្តខ្មែរ នៅជប៉ុន ដើម្បីអបអរសាទបុណ្យចូលឆ្នាំ បានចាប់ផ្តើម ជាមួយនឹងពិធីសាសនា និងល្បែង ប្រជាប្រិយយ៉ាងអឹកធឹក

ជប៉ុន ៖ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថាន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និង សមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្ត ខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួនអូសាកា (Osaka Castle) ក្រុងអូសាកា នៃខេត្តអូសាកា របស់ប្រទេសជប៉ុន ក្រោមអធិបតីភាព លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួម ពីលោកណាហ្គាណុ ហ៊ីរូម៉ាសា (Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន តំណាងអភិបាលខេត្ត និងក្រុងអូសាកា បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនកុះករ ។

សម្រាប់សង្ក្រាន្តខ្មែរនៅព្រឹកនេះ កម្មវិធីផ្តើមដោយពិធីសាសនាសំខាន់ៗ ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនារបស់ខ្មែរ និងបន្តដោយកម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌ និងអរិយធម៌ខ្មែរដ៏ផូរផង់ ។ ជាមួយគ្នានេះ អ្នកចូលរួមទាំងកម្ពុជា និងជប៉ុន ក៏បានចូលរួមលេងល្បែងប្រជាប្រិយ ដ៏សម្បូរបែប របស់ខ្មែរ ដែលរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយយ៉ាងអឹកធឹក ។

ការៀបចំពិធីសង្ក្រាន្តខ្មែរឆ្នាំថ្មី ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ ស្នាក់នៅ និងសិក្សានៅជប៉ុននាពេលនេះ គឺជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ដល់ពលរដ្ឋខ្មែរទាំងអស់ បើទោះបីស្ថិតនៅបរទេសក្តី ដើម្បីឱ្យបានចូលរួមរីករាយអបអរសាទរ ប្រពៃណីជាតិរបស់ខ្លួន ។ សម្រាប់កម្មវិធីដ៏សប្បាយរីករាយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរបស់ប្រមុខរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីប្រពៃណីជាតិនេះ យ៉ាងរលូនដែលធ្វើឱ្យអ្នកចូលរួមចងបាច់ ជាអនុស្សាវរីយរវាងខ្មែរ និងខ្មែរដែលភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ទៅវិញទៅមក។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការសហការ ជាមួយស្ថានទូតខ្មែរ ប្រចាំ នៅប្រទេសជប៉ុន ក្រុមការងារESEA និងសមាគមមិត្តយើង គ្រោងរៀបចំកម្មវិធីសង្ក្រាន្ត ចូលឆ្នាំប្រពៃណីខ្មែរចំនួន១១ ទីតាំងផ្សេងគ្នា នៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់ពលរដ្ឋខ្មែរទាំងជាង៣ម៉ឺននាក់ លើទឹកដីជប៉ុនអាចចូលរួមសប្បាយរីករាយ និងអបអសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ប៉ុន្តែកម្មវិធីសង្ក្រាន្ដខ្មែរនៅជប៉ុន នៅខេត្តអូសាកានេះ គឺជាកម្មវិធីធំជាងគេ។

ក្រៅតែពិធីសាសនា និងការលេងល្បែងប្រជាប្រិយកម្មវិធីសង្ក្រាន្ត នៅសួនអូសាកានាពេលនេះ ក៏នឹងមានសុន្ទរកថាគន្លឹះរបស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក​ ណាហ្គាណុ ហ៊ីរូម៉ាសា (Nakano Hiromasa) សមាជិករដ្ឋសភា នៃប្រទេសជប៉ុន និងអមដោយកម្មវិធីធម្មទេសនា ដោយព្រះមេធានុរ័ក្ខ គូ សុភាព និងការបញ្ចប់កម្មវិធីដោយការប្រគុំតន្ត្រី និងការរាំលេងកម្សាន្ត ដោយសប្បាយរីករាយ៕

To Top