ភ្នំពេញ ៖ កម្ពុជា បានរកឃើញករណីជំងឺអឹមផក (Mpox) មានឈ្មោះដើមហៅជំងឺអុតស្វាចំនួន ៣ករណីបន្ថែមទៀត ក្នុងរយៈពេល ១៥ថ្ងៃចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណីជាបុរសទាំងអស់។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ មេសា នេះ បានឱ្យដឹងថា «ប្រទេសកម្ពុជា បាន រកឃើញករណីជំងឺអឹមផក ៣ករណីបន្ថែមទៀត ក្នុងរយៈពេល១៥ថ្ងៃ ចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណី ជាបុរសទាំងអស់ អាយុចន្លោះពី២០ឆ្នាំ ទៅ៤៣ឆ្នាំ គិតចាប់តាំងពីពេលដែលបានរកឃើញ ករណីដំបូងនៅប្រទសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ហើយភាគច្រើនស្នាក់នៅប្រកបរបរផ្សេងៗនៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នមានអ្នកជំងឺអឹមផក ចំនួន៥រូប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវ យកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺ អឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវ វិធានការបង្ការយ៉ាងម៉ឺងម៉ាត់ ៕