ព័ត៌មានជាតិ

លោក​ ហេង សួរ អញ្ជើញជាធិបតី ក្នុងកម្មវិធីផ្លូវការ “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

ជប៉ុន ៖ នៅរសៀលថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ លោក​ ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីផ្លូវការ នៃកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួន Osaka Castle ក្រុងអូសាកា នៃខេត្តអូសាកា ដែលសហការ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង។ កម្មវិធីនេះមានការ អញ្ជើញចូលរួមពី លោកNakano Hiromasa សមាជិករដ្ឋសភា នៃប្រទេសជប៉ុន លោកតំណាង អភិបាលខេត្ត និងក្រុងអូសាកា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងមានការចូលរួមយ៉ាង ច្រើនកុះករពីសំណាក់ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបប្រមាណជាង ១០ ០០០នាក់។

ក្នុងឱកាសនោះដែរ លោក​ Ichisaka Hiroshi តំណាងអភិបាលខេត្តអូសាកានៃប្រទេសជប៉ុន បានថ្លែងថាកម្ពុជា និងជប៉ុនមានទំនាក់ទំនងយ៉ាងល្អរឹងមាំរយៈពេល ៧០ឆ្នាំមកហើយ ហើយជារៀងរាល់ឆ្នាំ ចំនួននិស្សិត និង
ពលករកម្ពុជា ដែលមកស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន បានបន្តកើនឡើងនៅទូទាំងប្រទេស ជាពិសេសក្នុង តំបន់អូសាកា។ លោកសង្ឃឹមថាកម្ពុជា និងជប៉ុន នឹងបន្តចំណងទំនាក់ទំនងការទូតឱ្យកាន់តែប្រសើរឡើង។

ដូចគ្នាដែរ លោក​ Nakano Hiromasa សមាជិករដ្ឋសភា នៃប្រទេសជប៉ុន បានមានប្រសាសន៍ថា លោកមានក្តីរំភើប ដែលបានឃើញអ្នកចូលរួមកម្ពុជា និងជប៉ុន ព្រមទាំងជនបរទេសដទៃផ្សេងទៀតជាច្រើនកុះករបែបនេះ។ លោកបានបន្តថា នេះជាលើកទី១ ដែលបានចូលរួមកម្មវិធីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ខណៈលោកធ្លាប់បានរៀនភាសាខ្មែរខ្លះ និងចូលចិត្តវប្បធម៌ប្រពៃណីខ្មែរផងដែរ ។ ទន្ទឹមនឹងនេះ លោកបានលើកឡើងថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងពិនិត្យ និងកែសម្រួលប្រព័ន្ធទទួលយកកម្មសិក្សាការី ពលករជំនាញ ដើម្បីពង្រឹងលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួល។

លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា លោកពិតជាមាន សេចក្តីសោមនស្ស រីករាយដែលបានចូលរួមក្នុងកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន”។ លោកបានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេស ជប៉ុនទាំងអស់។

លោករដ្ឋមន្ត្រីបានបន្តថា នេះជាអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទីតាំងជាច្រើន នៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់ការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងបង្កើតឱកាស ដល់ប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេស
ជប៉ុនគ្រប់រូប ឱ្យបានជួបជុំគ្នា កម្សាន្តសប្បាយ និងពង្រឹងទំនាក់ទំនង ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។ លោកហេង សួរ បានផ្តាំផ្ញើឱ្យកម្មសិក្សាការី ពលករជំនាញ ខិតខំប្រឹងប្រែងបំពេញការងារ គោរពច្បាប់ប្រទេសជប៉ុន និងស្តាប់តាមការណែ នាំរបស់ក្រុមហ៊ុន ។

បន្ថែមលើកម្មវិធីសាសនា និងការលេងល្បែង ប្រជាប្រិយ នាពេលព្រឹក កម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុន នាពេលរសៀល បានបន្តបង្ហាញ នូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងការសម្តែងរនាថ ព្រមទាំងមានការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយតារាចម្រៀងនិងសម្តែងល្បីៗជាច្រើនរូបមកពីប្រទេសកម្ពុជា និងមានក្រុមតារាចម្រៀងជប៉ុនផងដែរ។ ពិសេសជាងនេះនៅទៀត ព្រះមេធានុរ័ក្ខ គូ សុភាព ក៏បានផ្តល់ធម្មទេសនា ដ៏ថ្លៃថ្លា និងមានអត្ថន័យ ដល់ពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋខ្មែរ ដែលមានវត្តមាននៅក្នុង កម្មវិធីទាំងអស់ផងដែរ៕

To Top