ព័ត៌មានជាតិ

៤ថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចបង្ក្រាបបទល្មើស ទូទៅ៧៩ករណី ឃាត់ខ្លួនមនុស្ស ១៥០នាក់

ភ្នំពេញ ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធ ចំនួន១៥០នាក់នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

លោកថា បទល្មើសទូទៅ ទាំងនោះមានចរិតលក្ខណៈ ជាសភាពការណ៍សង្គមធម្មតា ទូទៅប្រចាំថ្ងៃតែប៉ុណ្ណោះ។

បើតាមលោក ទូច សុឃៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្ងៃទីមួយ គឺថ្ងៃទី១៣ ខែមេសា សមត្ថកិច្ចក្នុងក្របខណ្ឌ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើស ចំនួន២៣ករណី ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន ៤៤នាក់។ នៅថ្ងៃទីពីរ គឺថ្ងៃទី១៤ ខែមេសា អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបានចំនួន ២៣ករណីដោយឃាត់ខ្លួនមនុស្សចំនួន ៥០នាក់។ នៅថ្ងៃទីបី គឺថ្ងៃទី១៥ ខែមេសា បង្ក្រាបបានចំនួន ១៩ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៣៣នាក់ និងថ្ងៃចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា បង្ក្រាបបាន១៤ករណី ដោយបានឃាត់ខ្លួនមនុស្សចំនួន២៧នាក់។

រយៈពេល ៤ថ្ងៃកន្លងទៅនេះ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ការគ្រប់គ្រងបញ្ហាសន្តិសុខ សង្គមទូទៅមានលក្ខណៈល្អប្រសើរ ពោលគឺពុំមានអ្វីប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធ្ងន់ធ្ងរ គួរឲ្យបារម្ភនោះទេ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្ថែមថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសទូទៅបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ដោយសារសមត្ថកិច្ចបានរៀបចំផែនការការពារ ផែនការអន្តរាគមន៍ និងផែនការសង្គ្រោះយ៉ាងច្បាស់លាស់តាមគោលដៅនីមួយៗនៅទូទាំងប្រទេស ដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាជនខ្មែរកម្សាន្តសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ចំពោះករណីក្មេងទំនើងវិញ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានកត់សម្គាល់ផងដែរថា មានសញ្ញាណល្អប្រសើរដែលយុវជន យុវតីខ្មែរមានស្មារតីជាខ្មែរ ចេះយោគយល់អធ្យាស្រ័យ អត់ឱនឱ្យគ្នាទៅវិញទៅមក ទោះបីជាមានសកម្មភាព ប្រមូលផ្តុំចូលរួមកម្សាន្តរីករាយ រាំ ជះទឹក និងប៉ាតម៉្សៅគ្នាទៅវិញទៅមក ក្នុងតំបន់សង្ក្រាន្ត នៅតាមបណ្តាខេត្តទូទាំងប្រទេសក្តី៕

To Top