ព័ត៌មានជាតិ

ពលរដ្ឋជាង ៨ម៉ឺននាក់ ជិះរថយន្តក្រុង ឥត​គិតថ្លៃ ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​

ភ្នំពេញ ៖ កម្មករ កម្មការិនីនិងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើត តាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ខែមេសា ឆ្នាំ​២០២៤។

យោងតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសានេះ បានឲ្យដឹងថា ចំនួនអ្នកជិះរថយន្តក្រុង ប្រមាណជាង៨ម៉ឺននាក់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការកើនឡើងជាង ២ម៉ឺននាក់ ស្មើ៣៥% បើប្រៀបធៀប ទៅនឹងការដឹកជញ្ជូន កាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣។ ខេត្តដែលមានពលរដ្ឋជិះរថយន្តក្រុងទៅច្រើន មានចំនួន២ខេត្ត រួមមានខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងនោះ ខេត្តសៀមរាប មានចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ និងខេត្តបាត់ដំបង មានចំនួនជាង១ម៉ឺននាក់ ។

អ្នកនាំពាក្យរូបនេះបន្តថា ក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរ នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនមានបញ្ហាអ្វីកើតឡើង គួរឲ្យកត់ សម្គាល់នោះទេ ពោលគឺការដឹកជញ្ជូន បានដំណើរការដោយរលូន ប្រកបដោយ សុខសុវត្ថិភាពល្អប្រសើរ ។ ជាមួយគ្នានេះ ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏បានសាទរ និងថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុងឳកាសពិធី បុណ្យចូលឆ្នាំថ្មីនេះ ។

គួរបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយ របស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុង ចំនួន៤៥៥គ្រឿង សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ។

ក្នុងចំណោមរថយន្តក្រុងចំនួនជាង ៤០០គ្រឿងនេះ បានប្រើសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ចំនួន ៦០គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរពីរាជធានីភ្នំពេញទៅស្រុកកំណើត តាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រលប់មករាជធានីភ្នំពេញវិញ ចំនួន ៣៩៥គ្រឿង ៕

To Top