ព័ត៌មានជាតិ

សាកលវិទ្យាល័យជាតិមានជ័យ និង សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន រួមគ្នារៀបចំវេទិកាស្តីពី «គោលការណ៍ចិនតែមួយ»

បន្ទាយមានជ័យ ៖ នៅសាកលវិទ្យាល័យជាតិមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិមានជ័យ និង សមាគមអ្នក ស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំវេទិកាតុមូលស្តីពី «គោលការណ៍ប្រទេសចិនតែមួយ» ជូនដល់មន្ត្រីរាជការសាលាខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និស្សិត តំណាងយុវជន គណបក្ស ប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងយុវជនសហភាពសហព័ន្ធ យុវជនខេត្តបន្ទាយមានជ័យ តំណាងយុវជនក្រុមការងារអភិវឌ្ឍ យុវជន ខេត្តបន្ទាយមានជ័យ តំណាងយុវជនកាយឫទ្ធិ និងនិស្សិតសាកល វិទ្យាល័យជាតិមានជ័យសរុប១៥០រូប ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបថា ការរៀបចំវេទិកាតុមូលនាថ្ងៃនេះ ក្នុងគោលបំណងចំនួន៤៖ ទី១-បង្កើនការយល់ដឹង កាន់តែស៊ីជម្រៅពី«គោលការណ៍ចិនតែមួយ» ទី២-ពង្រឹងសមត្ថភាព លើការចែករំលែកនិងផ្សព្វផ្សាយបន្ត ឱ្យកាន់តែទូលំទូលាយទៅកាន់ ពិភពលោកនូវខ្លឹមសារសំខាន់ នៃសេចក្តីសម្រេចលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំលើកទី២៦ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១ ទី៣-ពង្រីកការគាំទ្រដោយឈរ លើសច្ចធម៌ប្រវត្តិសាស្រ្តជាង៥០០០ឆ្នាំ របស់ប្រទេសចិន ដែលបានគូសរំលេចថា «តៃវ៉ាន់គឺជាផ្នែកមួយដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសចិន ហើយ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់ដែលតំណាងឱ្យប្រទេសចិន» និង ទី៤-ចូលរួមពង្រឹងនិងពង្រីក ទំនាក់ទំនងកាន់តែល្អប្រសើរ ដោយឈរលើស្មារតីគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក ។

លោក ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពក្លាហាននិងពុទ្ធិដ៏ច្បាស់លាស់ ស្តីពីប្រវត្តិសាស្ត្រចិន តាមរយៈបទបង្ហាញ និងការឆ្លើយសំណួរយ៉ាងក្បោះក្បាយ របស់និស្សិត វ៉ាន់ ដួងច័ន្ទ និងនិស្សិត លឹម សុចាន់លីយ៉ា ដែលបានគូសបញ្ជាក់ថា តៃវ៉ាន់ ជាទឹកដីដែលមិនអាចកាត់ផ្តាច់ បានរបស់ប្រទេសចិន ហើយ «គោលការណ៍ចិនតែមួយ» ដែលជាការគាំទ្រដល់ស្មារតីរួម របស់អង្គការសហប្រជាជាតិ ។

លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យក៏បានគាំទ្រប្រសាសន៍របស់លោក គុណ រតនា អភិបាលរងស្រុកអូរជ្រៅ ថា «គោលការណ៍ចិនតែមួយ» ជាគ្រឹះ នៃកិច្ចសហប្រតិបត្តិការ និងជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ។ ឆ្លើយតបនឹងសំណួរជាច្រើនរបស់អង្គ វេទិកាពីការបោះឆ្នោត នៅតៃវ៉ាន់ លោក ជីវ សារិទ្ធ បានសង្កត់ធ្ងន់ដោយបានដកស្រង់ សម្តីរបស់លោកស្រី Mao Ning អ្នកនាំពាក្យក្រសួង ការបរទេសចិនបាន ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតំបន់តៃវ៉ាន់ គឺកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន មិនថាការបោះឆ្នោតមានលទ្ធផល យ៉ាងណាទេក៏មិនអាចកែប្រែ ការពិតជាមូលដ្ឋាន ដែលពិភពលោក មានប្រទេសចិនតែមួយនោះដែរ ហើយតៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន ដែលនេះជាការបញ្ជាក់ច្បាស់ថា បន្ទាប់ពីការបង្រួបបង្រួមតំបន់តៃវ៉ាន់ រដ្ឋាភិបាលមជ្ឈិមចិន នឹងអនុវត្តគោលនយោបាយ «ប្រទេសមួយ របបពីរ» ដើម្បីធ្វើអភិបាលកិច្ចចំពោះតំបន់តៃវ៉ាន់ ដូចតំបន់ហុងកុង និងម៉ាកាវដែរ ពោលគឺនឹងរក្សារបបសង្គម និងប្រព័ន្ធនយោបាយដើមរបស់តៃវ៉ាន់ តែត្រូវស្ថិតក្រោមអភិបាលកិច្ច របស់រដ្ឋាភិបាលមជ្ឈិម ៕

To Top