ព័ត៌មានជាតិ

សម្តេចធិបតី៖ យើងមិនអាចអភិរក្ស​ ដោយមិនបើកចំហរ សម្រាប់ការរីកចម្រើន ឱ្យស្របទៅតាមការវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចនោះទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការថែរក្សាវប្បធម៌​ គឺជាការថែរក្សាអត្តសញ្ញាណជាតិ តែក៏មិនអាចអភិរក្សដែលមិនបើកចំហរ សម្រាប់ការរីកចម្រើន ឱ្យស្របទៅតាមការវិវត្តន៍នៃសង្គម សេដ្ឋកិច្ចនោះដែរ ។

ថ្លែងក្នុងឱកាសអញ្ជើញពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នារសៀលថ្ងៃទី២៥មេសានេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា​ “ការថែរក្សាវប្បធម៌​ មិនមែនសម្រាប់តែការថែរក្សាអ្វី​ ដែលមានពីអតីតកាលនោះទេ ប៉ុន្តែគឺជាការថែរក្សា នូវអត្តសញ្ញាណជាតិបច្ចុប្បន្ន និងទៅអនាគតផងដែរ” ។

សម្តេចនាយករដ្ឋមន្ត្រី បានសង្គត់ធ្ងន់ថា “ជាការពិតអភិរក្ស និងអភិវឌ្ឍន៍ ទាំងពីរត្រូវដើរទៅមុខជាមួយគ្នា ការអភិរក្ស គឺការថែរក្សានូវអត្តសញ្ញាណ ដើមនៃវប្បធម៌សិល្បៈ ប្រពៃណី សាសនា របស់យើង ប៉ុន្តែយើងមិនអាចអភិរក្ស ដែលមិនបើកចំហរ សម្រាប់ការរីកចម្រើន ឱ្យស្របទៅតាមការវិវត្តន៍នៃសង្គម សេដ្ឋកិច្ចនោះទេ” ។

ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា “ការអភិវឌ្ឍ និងការច្នៃប្រឌិត និងការបង្កើតស្នាដៃថ្មីៗ គឺជាការចាំបាច់ដែលត្រូវធ្វើ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យសិល្បៈវប្បធម៌ ដើម្បីជួយផ្សព្វផ្សាយស្នាដៃកូនខ្មែរ ឱ្យបានកាន់តែច្រើន”៕

To Top