ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌​ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២

ភ្នំពេញ ៖ ដើម្បីបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សបន្ថែមទៀត ដល់សាធារណជន ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាម ការណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌ បាននិងកំពុងខិតខំបន្តការអភិវឌ្ឍការផ្តល់សេវាព្រឹត្តិបត្រ ថ្កោលទោសតាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សដល់សាធារណជន ដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស។

កន្លងមក ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការសាកល្បងលើការផ្តល់ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលផ្តល់ ភាពងាយស្រួលដល់សាធារណជន ទាំងក្នុងការទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំ ព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ។

ដើម្បីបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សបន្ថែមទៀតដល់សាធារណជន លើការស្នើសុំព្រឹត្តិបត្រ ថ្កោលទោសនេះ ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធ ឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។

ការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នេះនឹងជួយសម្រួល និងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការ បំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាម អនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។

នៅពេលដល់ថ្ងៃកំណត់ ទទួលយកព្រឹត្តិបត្រថ្កោលទោស, សម្រាប់សាធារណជននៅក្នុងប្រទេស ត្រូវអញ្ជើញ មកទទួលដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារ ច្បាប់ដើមពាក់ព័ន្ធនានា និង សម្រាប់សាធារណជននៅក្រៅប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅបណ្តា ស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ឬនៅតាមការិយាល័យប្រៃសណីយ៍ ដែលនៅជិតបំផុត និងត្រូវភ្ជាប់មកជាមួយនូវ ឯកសារច្បាប់ដើមពាក់ព័ន្ធនានា។

សូមបញ្ជាក់ថា ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២នេះ តម្រូវឱ្យសាធារណជន ទាញយកកម្មវិធី ដែលមានឈ្មោះថា “CR-MOJ” ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY Store សម្រាប់ ប្រព័ន្ធ Android ដោយអនុវត្តតាមការណែនាំនៅ ក្នុងកម្មវិធីនេះ ។ លើសពីនេះ សាធារណជន នៅតែអាចអញ្ជើញមកបំពេញបែបបទ ស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ៕

To Top