ព័ត៌មានជាតិ

លោក យង់ គិមអេង ៖ ការបង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាការបោះជំហានទៅមុខមួយ

ភ្នំពេញ ៖ នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានបង្ហាញទស្សនៈថា ក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផល គ្រឿងស្រវឹងដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល គឺជាការបោះជំហានទៅមុខមួយទៀត ក្នុងការគ្រប់គ្រងការ ផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៣០ មេសា លោក យង់​ គិមអេង ថ្លែងថា “ខ្ញុំយល់ឃើញថា ក្រុមការងារដែលបង្កើតឡើងថ្មីនេះ វាជាការបោះជំហានទៅមុខមួយ” ។ លោកថា ទោះបីក្រុមការងារនេះទើបតែបង្កើតឡើងក៏ដោយ ក៏ជាមួយផ្នែក នៃការរីកលូតលាស់ទៅមុខ ដែលជួយឲ្យមានការទំនាក់ទំនង ជជែកពិភាក្សាជុំវិញការផ្សាយពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោកក៏បានស្នើឲ្យ ក្រុមការងារ ធ្វើការប្រកបដោយតម្លាភាព ដោយធ្វើកិច្ចសហការជាមួយ អ្នកពាក់ព័ន្ធផ្សេងៗរួមទាំងក្រុមអង្គការ សង្គមស៊ីវិលផងដែរ ដើម្បីគ្រប់គ្រងការ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឲ្យមានប្រសិទ្ធភាព ។

លោកយង់ គិមអេង ក៏បានសំណូមពរឲ្យក្រុមការងារថ្មីនេះ ធ្វើបច្ចុប្បន្នភាពពីលទ្ធផលការងាររបស់ខ្លួនក្នុងរយៈពេល៦ខែម្តង ដើម្បីបង្ហាញដល់សាធារណៈជនឲ្យដឹងពីប្រសិទ្ធភាពការងារ ។

នាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។
ក្រុមការងារគ្រប់គ្រងនេះ មានលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិក៨រូបទៀតមកពីក្រសួងផ្សេងទៀត។

មុនមកដល់បង្កើតក្រុមការងារ គ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃ២ កុម្ភៈកន្លងមក បានណែនាំអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលឡើងវិញ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយ នៅលើផ្ទាំងប៉ាណូ តាមទីសាធារណៈ៕

To Top