ព័ត៌មានជាតិ

សិក្ខាកាមផ្នែកអគ្គីសនី និង អេឡិចត្រូនិចក្នុងវគ្គ១.៥លាននាក់ ចុះហាត់ការ នៅក្រុមហ៊ុនឯកជន ដើម្បីដកស្រង់ ជំនាញជាក់ស្តែង

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនកំពត ចាប់ផ្តើមបញ្ជូនយុវជន សិក្សាជំនាញ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១,៥ លាននាក់ របស់ខ្លួនចុះហាត់ការ នៅក្រុមហ៊ុនឯកជន ខណៈយុវជនប្តេជ្ញារចិត្តខិតខំ យកចិត្តទុកដាក់ហាត់ការ និងរំពឹងថាក្រុមហ៊ុន នឹងទទួលយកជាបុគ្គលិកពេញសិទ្ធិ បន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់ នៅ៣សប្តាហ៍ខាងមុខទៀត ។

ការលើកឡើងបែបនេះ របស់សិក្ខាកាម បន្ទាប់ពីពួកគេបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានជិត៤ខែរួចមកហើយ ដោយឡែកការចុះហាត់ការ នៅក្រុមហ៊ុនឯកជនពេលនេះ គឺជាវគ្គចុងក្រោយ នៃការសិក្សាជំនាញ បច្ចេកទេសរបស់សិក្ខាកាម។

យុវជន កឹម ពេជ្យ សិក្ខាកាម នៃដេប៉ាតឺម៉ង់អគ្គិសនី និងអេឡិចត្រូនិច នៃវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនកំពត បានលើកឡើងថា ៖«បន្ទាប់ពីបានសិក្សាជំនាញ បច្ចេកទេសបានជិត ៤ខែនៅសាលាមក ពេលនេះខ្ញុំត្រូវបានសាលារបស់ខ្ញុំ បញ្ជូនទៅចុះហាត់ការ នៅក្រុមហ៊ុនខាងអគ្គិសនី ឈ្មោះ ក្រុមហ៊ុនកម្ពុជាចក្រីទីង រយៈពេល៣សប្តាហ៍»

យុវជនរូបនេះសប្បាយចិត្តនៅពេលបានចុះហាត់ការ នៅក្រុមហ៊ុនឯកជន ពីព្រោះការហាត់ការ ជាឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ របស់ក្រុមហ៊ុនបន្ទាប់ពីហាត់ការត្រូវបានបញ្ចប់ ដូច្នេះហើយខ្លួននឹងខិតខំយកចិត្តទុកដាក់បំផុត អំឡុងពេលធ្វើការនៅក្រុមហ៊ុនឯកជននេះ។

យុវជន ភឿង សំណាង សិក្ខាកាម នៃដេប៉ាតឺម៉ង់អគ្គិសនី និងអេឡិចត្រូនិច នៃវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនកំពត បន្តថា ៖ «អំឡុងពេលសិក្សា ជំនាញ រៀនដោយឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភថែមទៀត តែពេលរៀនចប់ ចុះហាត់ការតាមក្រុមហ៊ុន ខ្ញុំទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុនចំនួនជាង ២០០ដុល្លារក្នុងមួយខែថែមទៀត ។ ខ្ញុំសប្បាយចិត្តពេលមានឱកាស ចូលហាត់ការ នៅក្រុមហ៊ុនឯកជនពេលនេះ»
យុវជនរូបនេះបន្តថា ខ្លួនត្រូវបានសាលាបញ្ជូន ទៅហាត់ការនៅក្រុមហ៊ុនពូចិន ដែលជាក្រុមហ៊ុនខាងអគ្គិសនី និងសំណង់ រយៈពេលចំនួន៣សប្តាហ៍។ ការហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះគឺជាវគ្គសិក្សាចុងក្រោយ នៃកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ដូច្នេះរំពឹងយ៉ាងមុតមាំថា នឹងទទួលការជ្រើសរើសជាបុគ្គលិកពេញសិទ្ធិ ពីសំណាក់ក្រុមហ៊ុន បន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់។

ទន្ទឹមនឹងនេះ សិក្ខាកាមអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឡើង ដែលវាឱកាសសម្រាប់យុវជន ក្នុងការសិក្សាជំនាញ ដែលមានរយៈពេលខ្លី ហើយអាចរកការងារបានធ្វើថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាល វគ្គដំបូង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាននឹង កំពុងសិក្សាជំនាញនានា ដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួន ក៏បាននឹងកំពុងចុះហាត់ការ នៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារ នៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ ៕

To Top