ព័ត៌មានជាតិ

អ្នក​នាំពាក្យ​ ក្រសួង​ការងារ​ ៖ រហូតមកដល់ថ្ងៃនេះ ពលករខ្មែរ នៅអារ៉ាប់ប៊ីសាអូឌីត ចំនួន ២៨ រូប បានមកដល់មាតុភូមិវិញ

ភ្នំពេញ ៖ លោក​ កត្តា​ អ៊ន​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បានឱ្យ​ដឹង​ថា ​រហូតមកដល់ថ្ងៃនេះ បងប្អូនពលករខ្មែរ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ចំនួន ២៨ រូបបានមកដល់មាតុភូមិវិញ ។ ចំណែកបងប្អូន ដែលមិនទាន់បានវិលត្រឡប់មកវិញ ពួកគាត់ត្រូវបានស្នាក់នៅជុំគ្នា ក្រោមការមើលថែ និងយកចិត្តទុកដាក់បំផុត ពីស្ថានទូតកម្ពុជា ភាគីពាក់ព័ន្ធ និងអាជ្ញាធរអារ៉ប់ប៊ីសាអូឌីត។

អ្នក​នាំពាក្យ​រូប​នេះ​ លេីកឡេីងជាការណែនាំដល់ពលករខ្មែរថា​ ការចូលទៅធ្វើការក្នុងប្រទេសគេ គឺត្រូវបំពេញបែបបទច្បាប់ នីតិវិធី និងរដ្ឋបាល ហើយពេលចាកចេញពីប្រទេសគេ ក៏ត្រូវបំពេញបែបបទច្បាប់ នីតិវិធី និងរដ្ឋបាលផងដែរ ។ យើងមិនអាចធ្វើអ្វីខុសច្បាប់ ប្រទេសគេនោះទេ។ ហេតុនេះហើយ ទើបបងប្អូនមានការយឺតយ៉ាវ ពេលវេលាក្នុងការវិលត្រឡប់ ។ បងប្អូនពលករឃើញច្បាស់ណាស់ពីការខិតខំប្រឹងប្រែងរបស់មន្រ្តីទូតយើង និងភាគីពាក់ព័ន្ធ ។ បងប្អូនពលករត្រូវសហការជាមួយមន្រ្តីយើង ដើម្បីសម្រួល និងពន្លឿននីតិវិធី ឆាប់បានវិលត្រឡប់មកមាតុភូមិវិញ។ បងប្អូនពិតជាបានវិលមកមាតុប្រទេសវិញក្នុងពេលឆាប់ៗខាងមុខ ។

អ្នកនាំពាក្យ​ ឱ្យ​ដឹង​បន្ថែម​ថា​គួរឱ្យសោកស្តាយបំផុត ក្នុងករណីបងប្អូនពលករកំពុងមានទុក្ខរដ្ឋាភិបាល កំពុងប្រឹងប្រែងដុតដៃ ជួយដល់ពលករយើង មាន
ក្រុមមនុស្សខ្លះ និងបណ្តាញព័ត៌មានភាសាខ្មែរ ដែលផ្សាយចេញពីបរទេស កំពុងញុះញុង បំផុសបំផុល បន្លាចដល់ពលករយើង ឱ្យភ័យខ្លាច និងធ្វើសកម្មភាពទាមទារផ្សេងៗ ដើម្បីយករូបភាពមកផ្សព្វផ្សាយ បំពុលសង្គម។ ការដែលក្រុមនោះធ្វើបែបនេះមិនបានជួយកម្មករអ្វីនោះទេ គឺយកពលករជាឧបករណ៍ព័ត៌មានរបស់ខ្លួនតែប៉ុណ្ណោះ លើសពីនេះពួកគេប្រឹងលាបព៌ណមកលើថ្នាក់ដឹកនាំថែមទៀត។

អ្នក​នាំពាក្យ​ ផ្តល់អនុសាសន៍ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីអ្វីមួយដែលកើតឡើងដល់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ សូមតម្កល់ផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋជាធំ ចូររួមមតិតែមួយ ជំហរតែមួយក្នុងផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕

To Top