ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេស ផ្ដល់សារអប់រំសុខភាព ជូនស្ដ្រីមានផ្ទៃពោះ ដើម្បីឆ្លងទន្លេ ដោយសុវត្ថិភាព

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានអំពាវនាវដល់ឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសទាំងអស់ ផ្តល់សារអប់រំសុខភាព ជូនប្រជាពលរដ្ឋ ពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីជួយស្ត្រីមានផ្ទៃពោះ បានឆ្លងទន្លេ ដោយសុវត្ថិភាព និងក្ដីសោមនស្សរីករាយ ។

តាមរយៈសាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ «ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំពាវនាវ ដូចជា៖

១-សូមបង-ប្អូនរួមជាតិ ចូលរួមក្នុងការប្រុងប្រយ័ត្ន ការពារសុខភាព និងអនុវត្តវិធានការនានា ក្នុង អំឡុងពេលអាកាសធាតុក្តៅ ដូចដែលក្រសួងសុខាភិបាលចេញសេចក្តីប្រកាសជូនដំណឹង ជាបន្តបន្ទាប់ ជាពិសេសនោះ សូមនាំគ្នាអនុវត្តតាមពាក្យចាស់ថា «ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី» និង «ការពារ ប្រសើរជាងព្យាបាល»។

២-សូមស្ត្រីមានផ្ទៃពោះ ស្ត្រីដែលទើបនឹងសម្រាលកូន ស្ត្រីមានកូនតូចៗ ធ្វើការតាមដានព័ត៌មាន របស់ក្រសួង សុខាភិបាល និងយកចិត្តទុកដាក់អនុវត្ត នូវវិធានការទាំងអស់ដែលក្រសួងសុខាភិបាល បានផ្សព្វផ្សាយ និងត្រូវស្វែងរកព័ត៌មាន ឬជំនួយពីឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬគ្រូពេទ្យ នៅមន្ទីរពេទ្យភ្លាម ប្រសិនបើកើតមានអាការៈចម្លែកណាមួយ ។

៣-សូម ឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសទាំងអស់ ផ្តល់ការប្រឹក្សា ផ្តល់សារអប់រំសុខភាព ជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីជួយស្ត្រីមានផ្ទៃពោះទាំងអស់បាន “ឆ្លងទន្លេ” ដោយសុវត្ថិភាព និងដោយក្តីសោមនស្សរីករាយ។
៤- សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កាកបាទក្រហមកម្ពុជា និងដៃគូទាំងអស់ ទាំងសាធារណៈ ឯកជន ជាតិ និងអន្តរជាតិ សូមបន្តជួយគាំទ្រដល់ការងារឆ្មប ដើម្បីជួយឱ្យកម្ពុជា សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមការកំណត់នៅឆ្នាំ២០៣០។

តបតាមប្រធានបទ និងខ្លឹមសារនៃទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សង្ឃឹមថា ឆ្មបជំនាញទាំងអស់ នឹងទទួលបានការពង្រឹងបំប៉នជំនាញបន្ថែម ដើម្បីមានសមត្ថភាព គ្រប់គ្រាន់ក្នុងការផ្តល់ សេវាជូនស្ត្រី មាតា ទារក កុមារ យុវវ័យ លើកកម្ពស់សុខភាព សុខុមាលភាពល្អប្រពៃ ទោះបីជាមានការ ប្រឈមនឹងការប្រែប្រួល អាកាសធាតុក៏ដោយ ៕

To Top