ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារស្តារប្រឡាយមេ៩៦ នៃគម្រោងដោះទឹក និងពង្វាងទឹក ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ ដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តតាកែវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ប្រវែង៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី៨០ទៅ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាផ្នែកមួយ នៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀង សម្រាប់បញ្ចៀសការជន់លិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និង តំបន់រណប ដើម្បីជួយរំដោះទឹក ផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ម្តុំព្រែកហូរនិងតំបន់ X1 វាងព្រលានយន្តហោះ ចូលទៅបឹងជើងលោង ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើគម្រោងផែនការដើម្បីដោះទឹក និងពង្វាងទឹកក្នុងរដូវវស្សាចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងដោះស្រាយបញ្ហាខ្វះទឹកដែលតែងតែកើតមាននៅរដូវប្រាំងនៅតំបន់ជុំវិញ រួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព ។

សូមជម្រាបថា រហូតមកដល់ពេលនេះ វឌ្ឍនភាពការងារជីកស្តារប្រឡាយមេ៩៦ សម្រេចបានប្រមាណ ៦៥%។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារសាងសង់ និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ដែលពាក់ព័ន្ធឱ្យបន្តសហការ ជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការអនុវត្តគម្រោង ឱ្យសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ប្រកប ដោយគុណភាពរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ធានាដល់ការប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា គម្រោងដោះទឹក និងពង្វាងទឹកសម្រាប់បញ្ចៀស ការជន់លិចនៅភូមិសាស្រ្ត រាជធានីភ្នំពេញ ត្រូវអនុវត្តជាបីជំហាន ក្នុងនោះការងារសំខាន់ៗ នៃគម្រោងរួមមាន៖ ទី១)ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំងជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ ទី២)ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ទី៣)ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល ទី៤)ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល ទី៥)កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ និងទី៦)សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង ប្រើម៉ូទ័រ ដែលដើរដោយចរន្តអគ្គិសនីចំនួន២៧ គ្រឿង៕

To Top