ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍បុក និងកិនស្ត្រីម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងក្រុងច្បារមន

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើហេតុ បន្ទាប់ពីរថយន្តក្រឡុងស៊ីម៉ង់ត៍បុកម៉ូតូ និងកិន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រ៤៦-៤៧ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពី កាលពីវេលាម៉ោង ៩៖២០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីរងគ្រោះមានឈ្មោះ ឈុំ ច័ន្ទស៊ីណា អាយុ៤៣ឆ្នាំ មានទីលំនៅភូមីសំណង សង្កាត់រកាធំ ក្រុងច្បារមន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1H-0162 បើកពីទិសខាងលិចទៅកើតលុះ មកដល់ចំណុចកើតហេតុខាងលើត្រង់ ចំណុចភូមិភ្លើងស្តុបស្រាប់តែ ត្រូវរថយន្តមួយគ្រឿងម៉ាក SANY ពណ៌ទឹកប្រាក់ជាប្រភេទរថយន្តក្រឡុកស៊ីម៉ង់ត៍ពាក់ស្លាកលេខភ្នំពេញ 5A-2844 បុកម៉ូតូនិងកិនជនរងគ្រោះបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយកើតហេតុរួច អ្នកបើកបររថយន្តបង្ក បានបើករថយន្តទៅឈប់ទុកចោល នៅខាងមុខខ្លោទ្វាវត្តថ្មី ហើយអ្នកបើកបរដែលមិនស្គាល់អត្តសញ្ញាណនោះ បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុមន្ត្រីជំនាញចរាចរណ៍ក្រុងច្បារមន បានធ្វើការវាស់វែងនិងប្រគល់សព ស្ត្រីរងគ្រោះឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត និងម៉ូតូបានយកមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ សុខ សុភ័ណ្ឌ

To Top